(ប៉េកាំង)៖ លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូលមួយឱ្យបញ្ឈប់ការបំពាក់ អាវុធឱ្យតៃវ៉ាន់ ហើយថាការបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់គឺជារឿងមិនអាចបញ្ឈប់បានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកានេះ ក្រសួងការបរទេសចិនបានដកស្រង់សម្ដីលោក ស៊ី ជិនពីង ដែល បានគូសបញ្ជាក់ដូច្នេះថា «ភាគីសហរដ្ឋអាមេរិកគួរតែ...បញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់ ហើយគាំទ្រដល់ការបង្រួបបង្រួមជាតិដោយសន្តិវិធី របស់ចិន។ ចិននឹងសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិជាគោលដៅមួយដែលគ្មានអ្វីអាចមកបញ្ឈប់បាននោះឡើយ»

លោក ស៊ី ជិនពីង បន្ថែមថា «ចិនមិនមែនកំពុងព្យាយាមវ៉ាដាច់ ឬទាញទម្លាក់សហរដ្ឋអាមេរិកចេញពីកៅអីកំពូលមហាអំណាចលេខ១នៅលើ ពិភពលោកនោះទេ ដូច្នេះសហរដ្ឋអាមេរិកក៏គួរតែបញ្ឈប់ការគាបសង្កត់ និងការប៉ុនប៉ងចង់គ្រប់គ្រងចិនផងដែរ»។ តែយ៉ាងណាក៏ដោយ បើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនឯណោះវិញ លោក ស៊ី ជិនពីង និងលោក ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានឯកភាពគ្នាលើការដោះស្រាយបញ្ហា ជាច្រើន ក្នុងនោះរួមមានទាំងការយល់ព្រមស្ដារបណ្ដាញទំនាក់ទំនងយោធាកម្រិតខ្ពស់ឡើងវិញ ដោយឈរលើមូលដ្ឋាន ស្មើភាព និងគោរពគ្នា ទៅវិញទៅមក។

គួរបញ្ជាក់ថា ក្រោយជំនួបជាមួយលោក ស៊ី ជិនពីង ដែលជាជំនួបទល់មុខគ្នាលើកដំបូង ក្នុងរយៈពេលមួយឆ្នាំមកនេះ លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថាជំនួបនេះបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈស្ថាបនា។ តាមលោក បៃដិន លោកផ្ទាល់ក៏បានជំរុញផងដែរឱ្យ លោកប្រធានាធិបតីចិន ស៊ី ជិនពីង គោរពតាមលទ្ធផលបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅឆ្នាំ២០២៤ខាងមុខ៕

រូបភាពពី Reuters