(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្គាហ្សា និងការបើកច្រករបៀងបន្ទាន់សម្រាប់ជំនួយមនុស្សធម៌ ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃពុធសប្តាហ៍នេះ បានយកចិត្តទុកដាក់ចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្គាហ្សា ដែលជាកន្លែងជនស៊ីវិលប៉ាឡេស្ទីនជាង ១១,៣០០ នាក់ត្រូវបានសម្លាប់ ខណៈដែលអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែកប្រចាំថ្ងៃ និងការវាយប្រហារតាមផ្លូវគោក។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយនៅក្នុងសុន្ទរកថាបើករបស់ខ្លួនថា «ប្រទេសឥណ្ឌូនេស៊ីមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា ជាពិសេសលក្ខខណ្ឌមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាច»។

លោកបានបន្ថែមថា «ជំហររបស់ឥណ្ឌូនេស៊ីគឺច្បាស់លាស់ និងរឹងមាំ។ យើងជំរុញ និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ជាមួយនឹងការបង្កើតច្រករបៀងជាបន្ទាន់សម្រាប់ជំនួយមនុស្សធម៌។ ហើយអំពើហិង្សាលើប្រជាជនស៊ីវិលត្រូវតែបញ្ឈប់»

ដោយឡែក នៅក្នុងសុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamed Hassan បានថ្កោលទោសការទម្លាក់គ្រាប់បែកលើផ្ទះជនស៊ីវិល និងមន្ទីរពេទ្យដែលបានឆក់យកជីវិតកុមារស្លូតត្រង់ ស្ត្រី និងបុរសរាប់ពាន់នាក់។

លោក Hassan បាននិយាយដូច្នេះទៀតថា «ប្រទេសម៉ាឡេស៊ី បញ្ជាក់ជាថ្មីនូវការអំពាវនាវដ៏រឹងមាំរបស់ខ្លួន សម្រាប់បទឈប់បាញ់ជាបន្ទាន់ ការទទួលបានជំនួយមនុស្សធម៌ដោយមិនមានការរារាំង និងការបដិសេធរាល់ការប៉ុនប៉ងដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ ចេញពីទឹកដីស្របច្បាប់របស់ពួកគេ»។

រដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ ក៏បានបញ្ជាក់ឡើងវិញនូវគោលជំហររបស់ខ្លួនថា ប៉ាឡេស្ទីនសមនឹងទទួលបានរដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់ពួកគេ ដោយផ្អែកលើព្រំដែនមុនឆ្នាំ ១៩៦៧ ដែលមានហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជាអ្នកគាំទ្រប៉ាឡេស្ទីនដ៏រឹងមាំអស់ជាច្រើនទសវត្សរ៍មកហើយ។ រដ្ឋាភិបាលទាំងពីរមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ ហើយបានអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីន។

ប្រជាជនឥណ្ឌូណេស៊ី និងម៉ាឡេស៊ីរាប់ម៉ឺននាក់នៅក្នុងទីក្រុងនានាបានដើរតាមផ្លូវដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប៉ាឡេស្ទីនចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាកាលពីខែមុន៕