(ក្រុងរ៉ូម)៖ ប្រទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសតួកគីកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ពីការរាលដាលចូលទៅក្នុងតំបន់ដែលនៅសល់ ខណៈដែលនាយករដ្ឋមន្រ្តី លោកស្រី Giorgia Meloni បានអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះឱ្យបានឆាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់ លោកស្រី Meloni បាននិយាយ បន្ទាប់ពីការនិយាយទូរសព្ទ
ជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan ដូច្នេះថា ​«នាយករដ្ឋមន្ត្រីបានអំពាវនាវ ឱ្យមានការបន្ធូរបន្ថយឱ្យបានឆាប់រហ័សនៃជម្លោះ ដែលមិនត្រូវឱ្យរីករាលដាលដល់តំបន់ដែលនៅសល់ទេ ហើយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ របស់តួកគី ដែលកំពុងដើរតួនតួក្នុងបរិបទនេះ»៕