(វ៉ាស៊ីនតោន)៖ អស់រយៈពេលជិត ២ឆ្នាំកន្លះមកនេះ ពោលគឺចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អាងសាន ស៊ូជី ចេញពី អំណាចមក យោធានៃរបបសឹកមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រងលើទឹកដីជាបន្តបន្ទាប់ នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយចលនាប្រដាប់អាវុធជនជាតិ ភាគតិច។ តួយ៉ាង អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ បានអះអាងថាយោធាបានបាត់បង់ការគ្រប់គ្រងលើ​ទីក្រុង Chinshwehaw ដែលជាក្រុងយុទ្ធសាស្រ្តមួយស្ថិតនៅជាប់ព្រំប្រទល់ខេត្ត Yunnan របស់ប្រទេសចិន។

មែនទែនទៅ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ មានសេចក្ដីរាយការណ៍ជាច្រើនពីភាពទន់ខ្សោយរបស់យោធាមីយ៉ាន់ម៉ា។ យោធាមីយ៉ាន់ម៉ា បានបង្កើន ការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងលើទីតាំងដែលខ្លួនបានចាញ់ក្នុងសមរភូមិនៅលើដី។ ប៉ុន្តែ យុទ្ធសាស្ត្រនេះមិនអាចជួយពួកគេដណ្ដើមយកទឹកដី ដែលបាត់បង់មកវិញនោះទេ ហើយថែមទាំងជំរុញឱ្យប្រជាជនកាន់តែច្រើនឡើងប្រឆាំងនឹងពួកគេទៅវិញ។ នៅពេលយោធាមីយ៉ាន់ម៉ាដឹកនាំប្រតិបត្តិការ យោធាជើងគោក ពួកគេតែងតែត្រូវបានវាយរុញច្រានឱ្យដកថយ ពីសំណាក់ចលនាប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជន (PDF) ជាចលនាតស៊ូប្រដាប់អាវុធមួយត្រូវបានបង្កើតឡើង ក្រោយផ្ទុះរដ្ឋប្រហារ។

យោធាមីយ៉ាន់ម៉ា ក៏មិនអាចស្វែងរកនិស្សិតឱ្យចូលរៀនផ្នែកយោធាបានគ្រប់គ្រាន់នោះដែរ ដោយសារតែយុវជនមីយ៉ាន់ម៉ាភាគច្រើន លែងចង់ចូលរួមបម្រើ ក្នុងជួរកងកម្លាំងប្រដាប់អាវុធមួយដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរនៅឯសមរភូមិ។ កាន់តែយ៉ាប់ទៅទៀតនោះ មួយរយៈកាលចុងក្រោយនេះ ថ្នាក់ដឹកនាំយោធា និងក្រុមមន្ត្រីយោធាជាច្រើននាក់ថែមទាំងត្រូវបានគេលួចធ្វើឃាតនៅតាមទីក្រុងជាច្រើនទៀតផង ជាហេតុបណ្ដាលឱ្យស្មារតីនៅក្នុងជួរ កងទ័ពធ្លាក់ចុះ និងបង្កឱ្យមានកងទ័ពរត់ចោលជួរជាញឹកញាប់។

នៅក្នុងការវិភាគមួយកាលពីពេលថ្មីៗនេះ អ្នកជំនាញមីយ៉ាន់ម៉ា លោក Ye Myo បាននិយាយថាកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា នៅមុនផ្ទុះរដ្ឋប្រហារ ត្រូវបាន វាយតម្លៃថាមានកងកម្លាំងចន្លោះពី ៣០០,០០០នាក់ ដល់៤០០,០០០នាក់ ដែលតួលេខនេះធ្វើឱ្យមីយ៉ាន់ម៉ាស្ថិតក្នុងចំណោមប្រទេសមានកងទ័ពច្រើនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែ ​តាមអ្នកជំនាញរូបនេះដដែល សព្វថ្ងៃចំនួនកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានធ្លាក់មកនៅត្រឹមតែ ១៥០,០០០នាក់ និងក្នុងនោះមានតែ ៧០,០០០នាក់ប៉ុណ្ណោះជាកងទ័ពប្រយុទ្ធ ហើយការថយចុះនេះទៀតសោតគឺបណ្ដាលមកពីការស្លាប់ ការរត់ចោលជួរ ឬក៏ការចុះចូល ជាមួយចលនាប្រដាប់អាវុធដទៃក្នុងប្រទេស។

លោក Ye Myo ដោយផ្អែកលើឯកសារផ្ទៃក្នុងមួយដែលលោកទទួលបាន បានឱ្យដឹងទៀតថាមានរបាយការណ៍ភូតកុហកជាច្រើននៅផ្ទៃក្នុងយោធាមីយ៉ាន់ម៉ា ដែលនេះធ្វើឱ្យអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing និងអនុប្រធានរបស់លោក គឺលោក Soe Win មិនអាចដឹងពីចំនួនពិតប្រាកដនៃ កងទ័ពមីយ៉ាន់ម៉ា។ តាមរយៈការថយចុះចំនួនកងទ័ពនេះ លោក Ye Myo ហ៊ានសន្និដ្ឋានថា «វាលែងមានហេតុផលដែលគួរឱ្យជឿជាក់បានថាយោធា មីយ៉ាន់ម៉ានឹងអាចយកឈ្នះលើចលនាតស៊ូប្រដាប់អាវុធបានទៀតនោះទេ»។

លើសពីនេះទៅទៀត បើតាមអ្នកជំនាញម្នាក់ទៀត គឺលោក Jason Tower មកពីវិទ្យាស្ថាន United States Institute of Peace ខណៈយោធាមីយ៉ាន់ម៉ា កំពុងប្រយុទ្ធក្នុងសមរភូមិច្រើនមុខព្រួញ ចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិច បាន និងកំពុងវាយដណ្ដើមកាន់កាប់បានឡើងវិញនូវទឹកដីមួយចំនួនធំដែល ពួកគេបានបាត់បង់អស់រយៈពេលជាច្រើនឆ្នាំ។ ជាឧទាហរណ៍ នៅក្នុងរដ្ឋ Arakan ស្ថិតនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កងទ័ព Arakan Army បានគ្រប់គ្រង រដ្ឋ Arakan ឬ Rakhine ស្ទើរតែទាំងស្រុង ។ របាយការណ៍មួយចេញផ្សាយដោយអង្គការ Special Advisory Council for Myanmar បានរកឃើញថា របបសឹកមីយ៉ាន់ម៉ាអាចគ្រប់គ្រងទីក្រុងនៅទូទាំងប្រទេសប្រកបដោយស្ថិរភាព មានប្រហែល ១ភាគ៥ប៉ុណ្ណោះ ហើយអាចគ្រប់គ្រងបានតែលើផ្លូវនៅខាងក្រៅ ក្រុងតូចៗ ភាគកណ្ដាលនៃប្រទេស ស្របពេលកងកម្លាំងប្រឆាំង បាន និងកំពុងប្រយុទ្ធនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានណៃពិដោ និងកំពុងបង្កើន ការប្រយុទ្ធក្នុងទីក្រុងយ៉ាងហ្គន ជាទីក្រុងធំជាងគេបំផុតរបស់មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ប្រធានាធិបតីនៃរបបសឹកមីយ៉ាន់ម៉ា លោក Myint Swe កាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅនេះបានព្រមានថាមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងហានិភ័យ នៃការពុះចែកប្រទេសជាចំណែកៗ ដោយសារតែការឆ្លើយតបមិនមានប្រសិទ្ធភាពរបស់យោធា ចំពោះសកម្មភាពឧទ្ទាមរបស់ក្រុមចលនាប្រដាប់អាវុធប្រឆាំងនឹង អំណាចរបបសឹក៕