(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ និងកាកបាទក្រហមបានសម្តែងការកត់ស្លុត និងព្រួយបារម្ភរបស់ពួកគេ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ចូលមន្ទីរពេទ្យដ៏ធំបំផុតនៅហ្គាហ្សា ហើយបានអំពាវនាវឱ្យមានការការពារអ្នកជំងឺ និងជនស៊ីវិលរាប់ពាន់នាក់នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ចូលមន្ទីរពេទ្យ Al Shifa នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ ដោយផ្តោតលើអ្វីដែលពួកគេនិយាយថា ជាមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាសនៅក្នុងផ្លូវរូងក្រោមដី ដែលស្ថិតនៅក្រោមអ្នកជំងឺ និងជនស៊ីវិលរាប់ពាន់នាក់ ដែលកំពុងស្វែងរកទីជម្រក ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា។

លោក Martin Griffiths អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ របស់អង្គការសហប្រជាជាតិបាននិយាយ នៅលើបណ្តាញទំនាក់ទំនង X ដែលពីមុនគេស្គាល់ថាជា Twitter ថា «ខ្ញុំមានការភ័យរន្ធត់យ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការវាយឆ្មក់របស់យោធា លើមន្ទីរពេទ្យ Shifa ក្នុងតំបន់ហ្គាហ្សា»

លោកបានមានប្រសាសន៍ទៀតថា «ការការពារទារកទើបនឹងកើត អ្នកជំងឺ បុគ្គលិកពេទ្យ និងជនស៊ីវិលទាំងអស់ ត្រូវតែមានអាទិភាពលើកង្វល់ផ្សេងទៀតទាំងអស់» ដោយបានសង្កត់ធ្ងន់ថា «មន្ទីរពេទ្យមិនមែនជាសមរភូមិទេ»

គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់លើអ្នកជំងឺ និងរបួស បុគ្គលិកពេទ្យ និងជនស៊ីវិល។

ICRC បាននិយាយយ៉ាងដូច្នេះថា «វិធានការទាំងអស់ដើម្បីជៀសវាងផលវិបាកណាមួយលើពួកគេត្រូវតែអនុវត្ត» ដោយទទូចថា «អ្នកជំងឺ បុគ្គលិកពេទ្យ និងជនស៊ីវិលត្រូវតែត្រូវបានការពារគ្រប់ពេលវេលា»។ អង្គភាពមួយនេះបានបន្ថែមទៀតថា ខ្លួនកំពុងទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ហើយយើងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់៕

រូបភាពពី AFP