(តៃប៉ិ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ គណបក្សប្រឆាំងនាំមុខគេទាំងពីរនៅកោះតៃវ៉ាន់ បានប្រកាសថា ពួកគេនឹងចូលរួមកម្លាំងជាមួយគ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី ដែលត្រូវប្រព្រឹត្តទៅនាខែមករា ឆ្នាំក្រោយ ប៉ុន្តែពួកគេមិនទាន់សម្រេចថា តើបេក្ខជន​របស់ភាគីខាងណា ដែលនឹងត្រូវឈរឈ្មោះជាបេក្ខជនមេដឹកនាំ ឬបេក្ខជនមេដឹកនាំរង នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

គណបក្ស Kuomintang (KMT) ដែលជាបក្សប្រឆាំងធំជាងគេរបស់តៃវ៉ាន់ ហើយនិងគណបក្សប្រឆាំងមួយទៀតគឺ Taiwan People's Party (TPP) បានស្ថិតក្នុងកិច្ចពិភាក្សាជាមួយគ្នា អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ស្តីពីការចងសម្ព័ន្ធភាព ខណៈបេក្ខជននៃបក្ស​ទាំង២ កំពុងប្រជែងសំឡេងគាំទ្រគ្នា ជុំវិញការជ្រើសរើសថា តើនរណាគួរតែឈរឈ្មោះជាបេក្ខជនមេដឹកនាំ ក្នុងការបោះឆ្នោតថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ បើតាមការស្ទង់មតិកន្លងមកនេះ បេក្ខជនរបស់គណបក្ស KMT លោក Hou Yu Ih មានសំឡេងគាំទ្រប្រកៀក​ប្រកិតគ្នាជាមួយលោក Ko Wen Je ដែលជាបេក្ខជនរបស់គណបក្ស TPP។

អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou ដែលជាបុគ្គលដ៏មានឥទ្ធិពលនៅគណបក្ស KMT បានប្រកាសថា KMT និង TPP បានសម្រេចចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា។ គណបក្សទាំង២ បានឯកភាពគ្នាឱ្យមានអ្នកជំនាញ៣រូប វាយតម្លៃទៅលើ​ការស្ទង់មតិមួយចំនួន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយលទ្ធផលស្តីពីបេក្ខជននាំមុខ នឹងត្រូវប្រកាស​នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ លោក Ko Wen Je បានសាទរកិច្ចព្រមព្រៀងខាងលើ ស្របពេលលោក Hou Yu Ih បានលើកឡើងថា «ទោះបីជាលទ្ធផលចេញមកបែបណាក្តី ហើយនរណាជាបេក្ខជនមេដឹកនាំ ឬបេក្ខជនមេដឹកនាំរងក៏ដោយ ពួកយើងត្រូវធ្វើការជាមួយគ្នា ដើម្បីធានាសុខសន្តិភាពនិងស្ថិរភាពនៅតៃវ៉ាន់»។

គួរបញ្ជាក់ថា យោងតាមលទ្ធផលស្ទង់មតិ ចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក United Daily News មេដឹកនាំរងកោះតៃវ៉ាន់ លោក Lai Ching-te (William Lai) ដែលជាបេក្ខជនរបស់បក្សកាន់អំណាច Democratic Progressive Party (DPP) មានការគាំទ្រនាំមុខគេជាមួយសំឡេង២៦ភាគរយ។ រីឯលោក Ko ស្ថិតនៅលេខ២ ជាមួយសំឡេងគាំទ្រ​២១ភាគរយ និងលោក Hou ស្ថិតនៅលេង២ ជាមួយសំឡេង១៨ភាគរយ៕

រូបភាពពី AFP