(ញូវដែលី)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បាននិយាយនៅថ្ងៃពុធនេះថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza កំពុងលេចចេញជាសញ្ញាគួរឲ្យព្រួយបារម្ភ នៃបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ សម្រាប់គម្រោងច្រករបៀងសេដ្ឋកិច្ចពហុជាតិ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
កាលពីខែកញ្ញា ក្រុមមេដឹកនាំពិភពលោកបានប្រកាសកិច្ចព្រមព្រៀងផ្លូវដែកនិងកំពង់ផែ ដែលតភ្ជាប់តំបន់មជ្ឈិមបូព៌ា និងអាស៉ីខាងត្បូង ខណៈសហរដ្ឋអាមេរិកស្វែងរកការទប់ស្កាត់ ឥទ្ធិពលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោក «ខ្សែក្រវាត់ និងផ្លូវ»របស់ចិន ជាមួយគម្រោងបង្កើតច្រករបៀងសេដ្ឋកិច្ចថ្មីមួយ។
លោកស្រី Sitharaman បានបញ្ជាក់ក្នុងសន្និសីទមួយថា «ច្រករបៀងសេដ្ឋកិច្ចនេះ មិនមែនគ្មានបញ្ហាប្រឈមភូមិសាស្ត្រនយោបាយទេ ហើយជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៉ីស្រាអែល និងតំបន់ Gaza គឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភនៃបញ្ហាទាំងនេះ»។
គួរបញ្ជាក់ថា ច្រករបៀងដែលបានស្នើឡើងនឹងឆ្លងកាត់អ៉ីស្រាអែល ដែលកំពុងធ្វើសង្រ្គាមយ៉ាងខ្លាំងក្លាជាមួយក្រុមហាម៉ាស ដើម្បីសងសឹកចំពោះការវាយលុកឆ្លងព្រំដែនចូលទៅក្នុងប្រទេសរបស់ខ្លួន ថ្ងៃទី៧ ខែតុលា៕
រូបភាពពី Reuters