(វ៉ាស៉ីនតោន)៖ បន្ទាប់ពីកិច្ចប្រជុំដើម្បីស្វែងរកចំណុចរួមមួយ មុនពេលសន្និសីទស្តីពីអាកាសធាតុ (COP28) មកដល់ សហរដ្ឋអាមេរិក និងចិនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃពុធនេះថា នឹងគាំទ្រគោលដៅថាមពលកកើតឡើងវិញជាសកល ហើយយល់ព្រមធ្វើការរួមគ្នាលើបញ្ហានៃការបំពុលអាកាសធាតុដោយមេតាន និងប្លាស្ទិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

បេសកជនអាមេរិកទទួលបន្ទុកកិច្ចការអាកាសធាតុ លោក John Kerry និងសមភាគីចិនលោក Xie Zhenhua បានជួបពិភាក្សាគ្នា នៅឯមជ្ឈមណ្ឌល Sunnylands នៃរដ្ឋ California កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ដោយបានយល់ព្រមឲ្យមានទំនាក់ទំនង រវាងក្រុមការងារផ្នែកអាកាសធាតុទ្វេភាគីឡើងវិញ ដែលនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការគ្នា បើទោះបីជានៅមានភាពខ្វែងគំនិតគ្នាលើបញ្ហា ដូចជាការបញ្ឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក៏ដោយ។

លោក Li Shuo អនាគតនាយកថ្មីនៃមជ្ឈមណ្ឌលអាកាសធាតុចិនប្រចាំសមាគមអាស៉ី បាននិយាយថា សេចក្តីថ្លែងការណ៍ Sunnylands គឺជាការខិតខំប្រឹងប្រែងផ្តល់ការគាំទ្រឲ្យបានទាន់ពេលវេលារបស់សហរដ្ឋអាមេរិក និងចិន ចំពោះមុខសន្និសីទស្តីពីអាកាសធាតុ (COP28) ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងឌូបៃ នាចុងខែវិច្ឆិកាខាងមុខនេះ។ នេះជាលក្ខខណ្ឌមុនពេលមានវឌ្ឍនភាពជាសកល រវាងប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ហើយកិច្ចព្រមព្រៀង Sunnylands នឹងជួយឲ្យមានស្ថិរភាពនយោបាយ មុនកិច្ចពិភាក្សានៅទីក្រុងឌូបៃ។

គួរបញ្ជាក់ថា ការដាក់ឲ្យដំណើរការឡើងវិញនៃក្រុមការងារនេះ បង្ហាញពីប្រក្រតីភាពនៃទំនាក់ទំនងផ្នែកអាកាសធាតុ រវាងសហរដ្ឋអាមេរិក-ចិន ក្រោយផ្អាកនៅឆ្នាំ ២០២២ ដោយសារតែមានដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi ទៅកាន់តៃវ៉ាន់៕

រូបភាពពី Reuters