(ណៃពិដោ)៖ ចលនាប្រដាប់អាវុធជនជាតិភាគតិចមួយ នៅឯប្រទេសមីយ៉ាន់ម៉ា បានអះអាងនាថ្ងៃពុធនេះថា សមាជិកសរុបរាប់សិបនាក់ នៃកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បាននាំគ្នាទម្លាក់អាវុធចុះចាញ់ឬត្រូវបានចាប់ខ្លួន ខណៈដែលប្រតិបត្តិការវាយលុកក្រោមការរួមសហការគ្នា រវាងក្រុមចលនាប្រដាប់អាវុធប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា កំពុងបន្តប្រព្រឹត្តទៅ នៅតាមបណ្តារដ្ឋមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ចលនាប្រដាប់អាវុធជនជាតិភាគតិច Arakan Army (AA) ដែលកំពុងប្រយុទ្ធតស៊ូដើម្បីស្វ័យភាព នៅរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បាននិយាយថា កងកម្លាំងប៉ូលិសយ៉ាងហោច២៨នាក់ បានទម្លាក់អាវុធចោលនិងសុំចុះចាញ់ ខណៈទាហាន១០នាក់ ត្រូវបានចាប់ខ្លួន។ ដោយឡែក បើតាមអាជ្ញាធរនៅទីក្រុង Sittwe ដែលជារដ្ឋធានីនៃរដ្ឋ Rakhine បម្រាមគោចរត្រូវបានដាក់ឱ្យអនុវត្ត ហើយក៏មានការបង្កើនកងកម្លាំងសន្តិសុខ និងវត្តមានរថក្រោះថែមទៀតផង នៅទីនោះ។
ចលនា Arakan Army ស្ថិតក្នុងចំណោមចលនាប្រដាប់អាវុធជនជាតិភាគតិចចំនួន៣ ដែលបានសហការគ្នាបើកប្រតិបត្តិការវាយលុក ប្រឆាំងកងកម្លាំងរបស់រដ្ឋាភិបាលយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីចុងឆ្នាំខែតុលាកន្លងមកនេះ។ មកទល់នឹងពេលឥឡូវ ក្រុមចលនាប្រដាប់អាវុធ ដណ្តើមកាន់កាប់បានក្រុងយុទ្ធសាស្រ្ត និងប៉ុស្តិ៍យោធាមួយចំនួន រួមមានទាំងនៅព្រំប្រទល់ជាប់ប្រទេសចិនផងដែរ ខណៈការវាយលុកនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការធ្វើតេស្តធំបំផុតសម្រាប់របបសឹកមីយ៉ាន់ម៉ា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដណ្តើមអំណាចពីរដ្ឋាភិបាលស៉ីវិលរបស់ លោកស្រី អោងសាន ស៊ូជី។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានចោទក្រុមចលនាប្រដាប់អាវុធថា កំពុងតែព្យាយាមបំផ្លិចបំផ្លាញប្រទេសទាំងមូល ហើយលោកបានបន្ថែមថា ការប្រយុទ្ធគ្នាកំពុងបន្តប្រព្រឹត្តទៅ នៅរដ្ឋ Shan, Rakhine និង Kayah។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ អំពីការបន្តប៉ះទង្គិចគ្នានៅរដ្ឋ Chin ភាគពាយព្យផងដែរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលតែងតាំងដោយរបបសឹក បានចេញមុខលើកឡើងថា ប្រទេសអាស៊ានមួយនេះ កំពុងស្ថិតក្រោមហានិភ័យនៃការបែកខ្ញែកជាចំណែកៗ ដោយសារការឆ្លើយតបហាក់គ្មានប្រសិទ្ធភាព របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចំពោះសកម្មភាពឧទ្ទាមរបស់ក្រុមចលនាប្រដាប់អាវុធ ដែលរដ្ឋាភិបាលយោធាបានចាត់ទុកជា «ក្រុមភេរវករ»៕
រូបភាពពី Reuters