(ហាណូយ)៖ ទីក្រុង Hue ដែលជាទីក្រុងបុរាណរបស់វៀតណាម និងជាទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលពេញនិយមសម្រាប់ក្រុមភ្ញៀវទេសចរ បានស្ថិតក្រោមផ្ទៃទឹក នាថ្ងៃពុធនេះ បន្ទាប់ពីការធ្លាក់ភ្លៀងខ្លាំងនៅភាគកណ្តាលប្រទេសវៀតណាម បានជន់លិចលំនៅដ្ឋានរាប់ពាន់ខ្នង និងកាត់ផ្តាច់កំណាត់ផ្លូវហាយវ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានបង្ហាញឱ្យឃើញ ប្រជាជនវៀតណាមនាំគ្នាធ្វើដំណើរដោយជិះទូកលើដងផ្លូវដែលលិចលង់ ខណៈផ្ទះសម្បែងនិងរថយន្ត ត្រូវបានជន់លិច។ អ្នកស្រុកនៅទីក្រុង Hue បានអះអាងថា ទីក្រុងបុរាណនេះ រងការជន់លិចសឹងតែនៅគ្រប់កន្លែង ហើយថាមពលអគ្គិសនី ក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ ភ្លៀងបានធ្លាក់ខ្លាំងទៅលើ ខេត្តមួយចំនួននៅភាគកណ្តាលប្រទេសវៀតណាម តាំងតែពីថ្ងៃចន្ទសប្តាហ៍នេះ។
អាជ្ញាធរវៀតណាមបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សជាង២,០០០នាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅឯខេត្ត Quang Tri ជាទីដែលមនុស្ស៣នាក់ កំពុងបាត់ខ្លួន។ រីឯផ្នែកមួយចំនួននៃវិថីហាយវ៉េជាតិ ដែលតភ្ជាប់រវាងតំបន់ភាគខាងជើង និងភាគខាងត្បូងវៀតណាម ក៏ត្រូវបានរាំងខ្ទប់ផងដែរ ដោយសារតែគ្រោះបំណាក់ដី បង្កឡើងដោយទឹកជំនន់។
គួរបញ្ជាក់ថា វៀតណាមតែងតែទទួលរងស្ថានភាពអាកាសធាតុអាក្រក់ៗ នៅអំលុងរដូវភ្លៀងចន្លោះខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ យោងតាមការព្យាករ កម្រិតទឹកភ្លៀងអាចនឹងស្ថិតនៅកម្រិតខ្ពស់ សម្រាប់រយៈពេលប្រហែល២ថ្ងៃទៀត មុនមានភាពប្រសើរឡើង នៅអំលុងចុងសប្តាហ៍នេះ។ យោងតាមតួលេខផ្លូវការ គ្រោះធម្មជាតិដែលរួមមានទាំងទឹកជំនន់និងគ្រោះរអិលបាក់ដី បានបង្កឱ្យមនុស្ស១៣៦នាក់ស្លាប់ ឬបាត់ខ្លួន នៅវៀតណាមក្នុងឆ្នាំនេះ៕