(ម៉ាល)៖ លោក Mohamed Muizzu ដែលនឹងត្រូវស្បថចូលកាន់តំណែងជា ប្រធានាធិបតីម៉ាល់ឌីវថ្មីក្នុងសប្តាហ៍នេះ បានប្តេជ្ញាថានឹងបណ្តេញកងទ័ពឥណ្ឌា ចេញពីប្រទេសដែនកោះនៃមហាសមុទ្រឥណ្ឌាមួយនេះ ប៉ុន្តែលោកបានបញ្ជាក់ថា លោកមិនចង់គូសវាសតុល្យភាពក្នុងតំបន់ឡើងវិញទេ តាមរយៈការយកកងទ័ពចិនមកដាក់ជំនួស ក្រោយយោធាឥណ្ឌាចេញផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Muizzu បានលើកឡើងក្នុងបទសម្ភាសមួយយ៉ាងដូច្នេះថា «ម៉ាល់ឌីវជាប្រទេសដ៏តូចមួយ ដែលមិនសមជាប់ជំពាក់នៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយទេ។ ខ្ញុំមិនមានចំណាប់អារម្មណ៍សោះឡើយ ក្នុងការយកគោលនយោបាយការបរទេសម៉ាល់ឌីវ ទៅពាក់ព័ន្ធក្នុងរឿងនេះ»។ ស្របពេលដែលលោកប្តេជ្ញាចរចាជាមួយទីក្រុងញូវដែលី ដើម្បីឱ្យមានការដកកងទ័ពឥណ្ឌាចំនួនចន្លោះ៥០-៧៥នាក់ ចេញពីប្រទេសម៉ាល់ឌីវ លោក Muizzu បានគូសបញ្ជាក់ថា រូបលោកនឹងមិនអនុញ្ញាតឱ្យចិន ឬប្រទេសដទៃណា មកដាក់កងទ័ពជំនួសឥណ្ឌាឡើយ។
គួរបញ្ជាក់ថា លោក Muizzu ត្រូវបានមតិមួយចំនួនចាត់ទុកជា មនុស្សរបស់អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Abdulla Yameen ដែលបានដឹកនាំប្រទេស ងាកទៅរកទីក្រុងប៉េកាំងខ្លាំង រហូតពេលដល់ពេលលោកចាញ់ឆ្នោត កាលពីឆ្នាំ២០១៨។ ទោះជាបែបនេះក៏ដោយ លោក Muizzu បានច្រានចោលសេចក្តីរាយការណ៍ ដែលថាលោកប្រកាន់និន្នាការចង់ជិតស្និទ្ធទៅរកចិន ដោយលោកបានអះអាងថា រូបលោកឈរតែនៅខាងម៉ាល់ឌីវផ្ទាល់ប៉ុណ្ណោះ។ មេដឹកនាំវ័យ៤៥ឆ្នាំរូបនេះ នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីទទួលជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែកញ្ញា៕
រូបភាពពី AFP