(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក ទើបតែបានផ្តល់ការយល់ព្រមចំពោះគម្រោងលក់មីស៉ីល SM-6 សម្រាប់បាញ់ស្ទាក់ចេញពីនាវា រួមទាំងសម្ភារពាក់ព័ន្ធផ្សេងទៀត ឱ្យទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួយពង្រឹងសមត្ថភាពការពារជាតិនៃសម្ព័ន្ធអាស៉ីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ ដែលស្ថិតក្រោមក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) បានប្រកាសដូចខាងលើ ហើយបានអះអាងថា ផែនការលក់មីស៉ីលនោះ មានទំហំទឹកប្រាក់ប្រហែល៦៥០លានដុល្លារ។ វានឹងត្រូវឆ្លងកាត់ការសម្រេចចុងក្រោយរបស់សភាអាមេរិក។ យោងតាមទីភ្នាក់ងារដដែល រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់សំណើទិញមីស៉ីល SM-6 Block I សរុប៣៨គ្រាប់ រួមជាមួយសម្ភារពាក់ព័ន្ធផ្សេងទៀត ហើយនិងការជួយបណ្តុះបណ្តាលប្រើប្រាស់។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានលើកឡើងថា គម្រោងលក់មីស៉ីលខាងលើ នឹងគាំទ្រគោលដៅនៃគោលនយោបាយការបរទេស ក៏ដូចជាកម្មវត្ថុនៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយធ្វើឱ្យប្រសើរឡើង នូវសន្តិសុខរបស់សម្ព័ន្ធមិត្តដ៏សំខាន់មួយ ដែលជាតួអង្គចម្បងសម្រាប់ស្ថិរភាពនយោបាយ ព្រមទាំងវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា មីស៉ីល SM-6 ដែលប្រើប្រាស់ជាចម្បងសម្រាប់ប្រឆាំងយន្តហោះនិងមីស៉ីល នៅលើផ្ទៃអាកាស ក៏អាចប្រើសម្រាប់ប្រឆាំងនាវាបានផងដែរ។ ពួកវាត្រូវបានរំពឹងថា នឹងបំពាក់លើនាវាចម្បាំង Aegis ស៊េរីថ្មីរបស់កូរ៉េខាងត្បូង ដែលនឹងត្រូវដាក់ដំណើរការក្នុងពេលប៉ុន្មានឆ្នាំ ខាងមុខ។ ដើម្បីទប់ទល់ការគំរាមកំហែងពីសព្វាវុធរបស់កូរ៉េខាងជើង កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិងកំពុងប្រើប្រាស់មីស៉ីល SM-2 ដែលបំពាក់លើកងនាវា Aegis មានស្រាប់របស់ខ្លួន ប៉ុន្តែទីក្រុងសេអ៊ូលនាពេលនេះ កំពុងព្យាយាមស្វែងរក មីស៉ីលបាញ់ស្ទាក់ចេញពីនាវា ដែលទំនើបនិងមានចម្ងាយឆ្ងាយជាងមុន។ ផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Raytheon Technologies មីស៉ីល SM-6 ត្រូវគេដឹងថា អាចបាញ់បានចម្ងាយរហូតដល់៤៦០គីឡូម៉ែត្រ៕
រូបភាពពីកងទ័ពជើងទឹកអាមេរិក