(វ៉ាស៉ីនតោន)៖ សភាតំណារាស្រ្តរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តលើសេចក្ដីព្រាងច្បាប់ថវិកាបណ្តោះអាសន្នមួយ ដែលអាចនឹងបញ្ចៀសការបិទរដ្ឋាភិបាល ដោយទទួលបានការគាំទ្ររបស់សមាជិកតំណាងរាស្ត្រភាគច្រើនទាំងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្ដីព្រាងច្បាប់ថវិកាខាងលើដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកដំណើរការ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំក្រោយ ឥឡូវនេះត្រូវបាន បញ្ជូនទៅកាន់ព្រឹទ្ធសភាហើយសម្រាប់ការអនុម័ត មុននឹងត្រូវបញ្ជូនបន្តទៅឱ្យប្រធានាធិបតី លោក ចូ បៃដិន អាចចុះហត្ថលេខាផ្តល់មូលនិធិថ្មី សម្រាប់រដ្ឋាភិបាលសហព័ន្ធ ខណៈកញ្ចប់ថវិកាចាស់នឹងផុតកំណត់ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រខាងមុខនេះ។

ការបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ថវិកាបណ្ដោះអាសន្ននេះដែរ ធ្វើឡើងក្នុងសំឡេងគាំទ្រ ៣៣៦ ទល់នឹង៩៥សំឡេងជំទាស់។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ថវិកាបណ្តោះអាសន្ននេះ នឹងផ្ដល់ឱ្យរដ្ឋាភិបាលអាមេរិកបើកប្រាក់ខែឱ្យមន្ត្រីសហព័ន្ធ រហូតដល់ឆ្នាំ២០២៤ ដើម្បីទុកពេលវេលាបន្ថែមឲ្យសមាជិកសភារៀបចំច្បាប់ចំណាយលម្អិត ដែលគ្របដណ្តប់លើការចំណាយទាំងស្រុង រាប់ចាប់តាំងពីយោធារហូតដល់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ៕

រូបភាពពី Reuters