(បែលម៉ូប៉ង់)៖ ប្រទេសបេលី នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានព្យួរទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសអ៉ីស្រាអែល ដោយ បានក្លាយជាប្រទេសទី២ ក្នុងតំបន់អាមេរិកឡាទីនដែលបានផ្ដាច់ទំនាក់ទំនង ពាក់ព័ន្ធនឹងការឈ្លានពានរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ដើម្បី កម្ទេចក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយសំអាងលើអ្វីដែលខ្លួនហៅថាជាការទម្លាក់គ្រាប់បែកមិនរើសមុខឥតឈប់ឈរលើតំបន់ហ្កាហ្សា រដ្ឋាភិបាលបេលីបានលុបចោលការទទួល ស្គាល់ផ្លូវការសម្រាប់ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល និងបានផ្អាកសកម្មភាពការទូតរបស់ខ្លួនប្រចាំទីក្រុង Tel Aviv។ រដ្ឋាភិបាលបេលីបានគូសបញ្ជាក់ បន្ថែមក្នុងសេចក្ដីថ្លែងការណ៍មួយថា «ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក អ៉ីស្រាអែលបានបំពានច្បាប់អន្តរជាតិឥតឈប់ឈរ និងបានអំពាវនាវឱ្យមាន បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងជាបន្ទាន់»

គួរបញ្ជាក់ថា បេលីគឺជាប្រទេសទី២ ក្នុងតំបន់អាមេរិកឡាទីន បន្ទាប់ពីប្រទេសបូលីវីបានផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅ ខណៈកូឡុំប៊ី ស៊ីលី និងហង់ឌូរ៉ាសបានកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំអ៉ីស្រាអែល ត្រឡប់មកស្រុកវិញ រៀងៗខ្លួន។

ក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សា បានអះអាងថាមនុស្ស ១១,៣២០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្នុងការវាយប្រហារ របស់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ភាគច្រើនជា ជនស៊ីវិលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ៕

រូបភាពពី AFP