(ហ្សាការតា)៖ បណ្ដារដ្ឋមន្ត្រីការពារជាតិតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវជួបគ្នាក្នុងប្រទេសឥណ្ឌូណេស៊ី រួមជាមួយតួអង្គសំខាន់ៗនៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងសប្ដាហ៍នេះដែលជាឱកាសសម្រាប់ប្លុកអាស៊ានពង្រឹងឡើងវិញតួនាទីស្នូលរបស់ខ្លួន ចំពោះមុខការប្រជែងឥទ្ធិពលគ្នារវាង មហាអំណាចធំៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានប្រចាំឆ្នាំដែលបានចាប់ផ្ដើមនៅថ្ងៃពុធនេះ ធ្វើឡើង ក្នុងបរិបទនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងនៅអ៊ុយក្រែន ព្រមទាំងភាពតានតឹងនៅសមុទ្រចិនខាងត្បូងជាទីដែលឆ្មាំសមុទ្រចិន និងហ្វីលីពីនតែងតែប្រឈមមុខដាក់គ្នាជាញឹកញាប់ នាមួយរយៈពេលចុងក្រោយនេះ។

ឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣នេះ មិនទាន់បានបញ្ជាក់ពីសមាសភាពអ្នកចូលរួមនោះទេ ប៉ុន្តែតាមសេចក្ដីរាយការណ៍ខ្លះ នៅក្នុងចំណោមអ្នកចូលរួម ក៏នឹងមានផងដែរវត្តមានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលនឹងត្រូវជួបសមភាគីមកពីបណ្ដា ប្រទេសអាស៊ាននៅថ្ងៃពុធនេះ។ កិច្ចប្រជុំនេះដែរនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីរុស្ស៉ី ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា នូវែលសេឡង់ និងអូស្ត្រាលី។

គួរបញ្ជាក់ថា បើតាមលោក Aaron Connelly ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន International Institute for Strategic Studies ក្នុងប្រទេស សិង្ហបុរី ប្រធានបទសំខាន់ៗដែលអាចនឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងនោះរួមមានសង្រ្គាមនៅហ្កាហ្សា សង្រ្គាមអ៊ុយក្រែន និងសមុទ្រចិនខាងត្បូង៕

រូបភាពពី Reuters