(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះបានរាយការណ៍ថាកូរ៉េខាងជើងបានអភិវឌ្ឍ និងធ្វើតេស្ត ប្រកបដោយជោគជ័យលើ «ម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹងស៊េរីថ្មីមួយ» សម្រាប់មីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសពីធ្វើតេស្ដខាងលើ កើតមានឡើងចំពេលតែមួយដែលទីក្រុងព្យុងយ៉ាងបានឱ្យដឹងថាប្រតិភូរុស្ស៉ីមួយក្រុមដឹកនាំដោយរដ្ឋមន្ត្រីធនធាន ធម្មជាតិរុស្ស៉ី លោក Alexander Kozlov កំពុងធ្វើទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង ដើម្បីបើកកិច្ចពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានបញ្ជាក់ថាកូរ៉េខាងជើងបានអភិវឌ្ឍប្រកបដោយជោគជ័យ សាជាថ្មីលើ «ម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹងស៊េរីថ្មីមួយ» សម្រាប់មីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម ហើយដែលនេះពិតជាមាន សារៈសំខាន់បំផុតខាងយុទ្ធសាស្ត្រ។

តាម KCNA កូរ៉េខាងជើង ក៏បានធ្វើតេស្ដដោយជោគជ័យផងដែរលើម៉ាស៊ីននេះក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី១១ ខែវិច្ឆិកា និងដំណាក់កាលទី២ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ទីក្រុងព្យុងយ៉ាងក៏ធ្លាប់បានអះអាងដែរពីការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីបដំណើរការដោយឥន្ធនៈរឹង ដំបូងបំផុតរបស់ខ្លួនបានដោយជោគជ័យ ដោយប្រកាសថានេះជារបកគំហើញដ៏សំខាន់ ក្នុងការពង្រឹងសមត្ថភាពវាយបកដោយប្រើប្រាស់អាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ មីស៊ីលដែលប្រើឥន្ធនៈរឹងត្រូវបានក្រុមអ្នកជំនាញអះអាងថាមានភាពងាយស្រួលក្នុងការបាញ់ចេញ បើធៀបទៅ នឹងមីស៊ីលប្រើឥន្ធនៈរាវ ដោយមីស៊ីលប្រើឥន្ធនៈរឹងមិនចាំបាច់ចាក់សាំង ឬប្រេងមុននឹងបាញ់ចេញនោះទេ ដែលនេះធ្វើឱ្យវាអាចបាញ់ចេញភ្លាមៗ ធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា និងបាញ់កម្ទេច៕

រូបភាពពី Reuters