(កៀវ)៖ រដូវត្រជាក់បានឈានមកដល់ហើយជាមួយក្តីបារម្ភថា អ៊ុយក្រែននឹងប្រឈមការវាយលុកក្នុង រដូវត្រជាក់សាជាថ្មីពីកម្លាំងទាហានរុស្ស៊ី។ សេចក្តីរាយការណ៍ពីសមរភូមិបានឱ្យដឹងថាកង កម្លាំងរុស្ស៊ីបាននិងកំពុងវាយប្រហារ ដោយកម្លាំងថ្មើរជើងប៉ុនប៉ងដណ្តើមយកទីក្រុងមួយ ទៀតក្នុងខេត្តដូណេតស៍នោះ គឺក្រុង Avdiyivka។

មន្ត្រីយោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារនៅភាគខាង កើតអ៊ុយក្រែន ក្នុងការប៉ុនប៉ងដណ្តើមយកដីនៅជិតទីក្រុងជួរមុខសំខាន់ៗចំនួនពីរ។ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម Telegram ថា កម្លាំងទាហានរុស្ស៊ី បានចាប់ផ្តើមជំរុញការវាយប្រហារដណ្តើមយកមកវិញ នូវទឹកដីដែលស្ថិត នៅជិតក្រុង Bakhmut ដែលជាទីតាំងនៃសមរភូមិបង្ហូរឈាមខ្លាំងក្លាជាងគេ មុនពេលដែលបាន ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរុស្ស៊ីក្នុងខែឧសភា។

ក្រុងបាក់មុត គឺជាក្រុងមួយដែលធ្លាប់មានការប្រយុទ្ធបង្ហូរឈាមស្លាប់រស់ រវាងកម្លាំងរុស្ស៊ីនិង កម្លាំងអ៊ុយក្រែន ដែលក្រុងបង្ហូរឈាមដ៏សាហាវនោះ ត្រូវបានគេស្គាល់ថា Meat Grinder ។ ក្រុងបាក់មុត Meat Grinder នាពេលនេះ គឺជាក្រុងដែលស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំង ទាហានរុស្ស៊ី និងជាក្រុង មួយដែលមានទាហានទាំងសងខាងទាំងរុស្ស៊ីនិងអ៊ុយក្រែនបាន ស្លាប់ច្រើនម៉ឺននាក់នៅទីនោះ។

ប៉ុន្តែនាពេលនេះ នៅមានសមរភូមិមួយទៀតដែលនឹងមានភាពស្រដៀងគ្នានឹងក្រុងបាក់មុត ដែរ នោះគឺសមរភូមិក្នុងក្រុង Avdiyivka ដែលជាទីតាំងដ៏រឹងមាំរបស់អ៊ុយក្រែន។

តើក្រុង Avdiyivka នឹងក្លាយជាកន្លែង Meat Grinder ដូចក្រុងបាក់មុតទៀតដែរឬទេ? ក្រុង Avdiyivka និងក្រុង Bakmut គឺជាក្រុងដែលស្ថិតក្នុងខេត្ត Donetsk និងជាក្រុងដែលស្ថិត មិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។ ខណៈក្រុង Avdiyivka កំពុងរងការឡោមព័ទ្ធពីទាហានរុស្ស៊ី, ក្រុងបាក់មុត ក៏កំពុងស្ថិតក្នុងគោលដៅវាយដណ្តើមយកពីទាហានអ៊ុយក្រែនវិញផងដែរ។ កងទ័ព​អ៊ុយក្រែន​បាន​ដណ្តើម​យក​មកវិញ​នូវ​ចំណុចខ្ពស់នៅ​លើក្រុង​ Bakhmut ហើយ​បានរុល ទៅមុខសម្តៅផ្នែកខាងលិច, ខាងជើង និង​ខាង​ត្បូង​នៃ​ទីក្រុងបាក់មុត។

មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនលោកឧត្តមសេនីយ៍ Oleksandr Syrskyi បានសរ សេរបន្តក្នុងបណ្តាញសង្គមថា គ្រាដែលទាហានអ៊ុយក្រែនកំពុងធ្វើដំណើរឆ្ពោះទៅក្រុង Bakhmut, ទាហានរុស្ស៊ីកាន់តែសកម្ម ហើយពួកគេកំពុងព្យាយាមដណ្តើមយកទីតាំងនានា ដែលពូកគេបាត់បង់ពីមុននោះមកវិញ។

លោកឧត្តមសេនីយ៍រូបនោះបានសរសេរលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យទី១២វិច្ឆិកាថា ការវាយប្រហាររបស់រុស្ស៊ីនោះ ត្រូវបានកងកម្លាំងអ៊ុយក្រែនវាយឱ្យបង្ខំដកថយទៅវិញ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យបញ្ជាក់ នូវប្រៀបប្រយុទ្ធ របស់ខ្លួនលើកម្លាំងអ៊ុយក្រែននោះទៅវិញ។ ឧត្តមសេនីយ៍រុស្ស៊ីលោក Igor Konashenkov បានថ្លែងថា កងកម្លាំងរុស្ស៊ីនាប៉ុន្មានថ្ងៃមុននេះ បានបណ្តេញការវាយប្រហារអ៊ុយក្រែនចំនួន ៥លើកក្បែរភូមិ Klischiivka និងភូមិ Kurdyumivka ដែលជាទីតាំងតូចៗចំនួន២ កន្លែងស្ថិតនាភាគខាងត្បូងក្រុង Bakhmut ។

ការវាយលុក Counter Offensive រ​បស់អ៊ុយក្រែនដែលបានចាប់ផ្តើមថ្ងៃទី៤មិថុនា រហូតមក ទល់នឹងពេលនេះ ត្រូវគេរាយការណ៍ថា មានលទ្ធផលតិចតួចស្តួចស្តើងនិងថែមទាំងបាត់បង់ ធ្ងន់ធ្ងរច្រើនទៀត ក្នុងស្ថានភាពដែលរុស្សីបានដឹងជាមុន និងបានជីកលេណដ្ឋានត្រៀមទប់ ទល់និងដាក់របាំងឧបសគ្គជាមួយនឹងការពង្រាយគ្រាប់មីនជាច្រើនថែមទៀតដើម្បីរារាំង ការវាយលុករដូវប្រាំងរបស់អ៊ុយក្រែន។

បន្ទាប់ពីការវាយលុករដូវប្រាំងមិនបានសម្រេច អ៊ុយក្រែនដែលត្រៀមនឹងធ្វើការវាយប្រហារ ជាបន្តក្នុងរដូវស្លឹកឈើជ្រុះ កំពុងតែបារម្ភវិញថារុស្ស៊ី នឹងធ្វើការវាយដណ្តើមយកទឹកដីភាគខាងកើត ដែលបាត់បង់ខ្លះវិញ ក្នុងរដូវត្រជាក់ដែលឈានមកដល់បន្តិចម្តងៗនេះ។ សេចក្តីរាយការណ៍ពេលនេះបានបង្ហាញថា កងកម្លាំង​ទាហានរុស្ស៊ីបាន​ព្យាយាម​វាយរុលមកខាងមុខនាទិសភាគ​ឦសាន។ អគ្គសេនាធិការដ្ឋានអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីក្នុងសប្តាហ៍នេះកំពុងបន្តការវាយ ប្រហារនិងបានឡោមព័ទ្ធទីក្រុង Avdiyivka ដែលជាបន្ទាយដ៏រឹងមាំរបស់អ៊ុយក្រែននៅភាគ ខាងត្បូងនៃក្រុង Bakhmut និងជាកន្លែងនៃគោលដៅសំខាន់មួយដែលរុស្ស៊ីប៉ុនប៉ងកាន់កាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនោះមក។

ក្រុង Avdiyivka ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ច្រក​ចេញ​ចូល​ទៅ​កាន់​ផ្នែក​ខ្លះ​នៃ​តំបន់ Donetsk ភាគ​ខាង​កើត​ក្រោម​ការ​គ្រប់​គ្រង​របស់អ៊ុយក្រែន។ ក្រុង Avdiyivka នេះក៏ជាក្រុងដែលអ៊ុយក្រែន ចាត់ទុកជាក្រុងនិមិត្តរូបនៃការប្រយុទ្ធប្រឆាំងកម្លាំងទាហានរុស្ស៊ីថែមទៀត។ ការបាត់បង់ក្រុង Avdiyivka គឺស្មើនឹងការបាត់បង់កម្លាំងស្មារតីប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ី។ អគ្គសេនាធិការ​អ៊ុយក្រែនបាន​និយាយ​ថា កម្លាំង​ទ័ព​អាកាស​របស់​រុស្ស៊ី​ កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​វាយ​ប្រហារ​វេលាថ្មីៗចុងក្រោយដើម្បីការវាយដណ្តើមយកក្រុង Avdiyivkaនេះ។

ឧត្តមសេនីយរប​ស់អ៊ុយក្រែនលោក Oleksandr Tarnavskyi ដែលដឹកនាំកម្លាំងប្រយុទ្ធនៅក្នុង សមរភូមិនិងស្ថិតក្បែរក្រុង Avdiyivka បានថ្លែងកាលពីថ្ងៃអាទិត្យកន្លងមកនេះថា កងកម្លាំង រុស្ស៊ីបានធ្វើការវាយប្រហារខ្លាំងក្លាតាមផ្លូវអាកាស ជាពិសេសថែមទាំងបានប្រើប្រាស់គ្រាប់បែក Guided Bombs នោះថែមទៀត។ ឧត្តមសេនីយរប​ស់អ៊ុយក្រែនដដែលបាននិយាយថា ទាហានរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសចំនួន ៣០ ដង និងបាញ់ស្រោចគ្រាប់កាំភ្លើង ធំចំនួន៧១២ដងសម្តៅមកលើកក្រុង Avdiyivka និងលើតំបន់ជុំវិញទីក្រុង និងបានប៉ះទង្គិចគ្នា រវាងកម្លាំងថ្មើរជើងប្រមាណជិត៥០ដងជាមួយនឹងកម្លាំងអ៊ុយក្រែនថែមទៀត។

សេចក្តីរាយការណ៍បង្ហាញថាកងកម្លាំងរុស្ស៊ីប្រមាណ៤ម៉ឺននាក់ បាននាំគ្នាហ៊ុំព័ទ្ធក្រុង Avdiyivka ដែលកម្លាំងនេះ គឺជាកម្លាំងដាក់ពង្រាយទ្វេដងដើម្បីការចង់ដណ្តើមយកក្រុង Avdiyivka នោះ។ ក្រុមអ្នកសរសេរបណ្តាញសង្គមគាំទ្ររុស្ស៊ីបានសរសេរថា កម្លាំងទាហាន រុស្ស៊ីកំពុងស្ថិតចម្ងាយមិនដលចម្ងាយមួយម៉ាយល៍ទេពីក្រុង Avdiyivka ដែលប្រការនេះមានន័យថា ក្រុង Avdiyivka បានស្ថិតក្រោមរង្វង់ការឡោមព័ទ្ធរប​ស់ទាហានរុស្ស៊ីហើយ ខណៈដែល មានសេចក្តីរាយការណ៍រុស្ស៊ីបានធ្វើការបាញ់ផ្លោងដោយគ្រាប់កាំភ្លើង Artillery និងវាយប្រ ហារតាមផ្លូវអាកាសដោយប្រើប្រាស់យន្តហោះចម្បាំងធ្វើការទម្លាក់គ្រាប់បែកគាំទ្រយុទ្ធនា ការវាយលុកថ្មើរជើងរបស់ខ្លួនថែមទៀត។ រុស្ស៊ីនៅបាននិយាយថា គេបានប្រើកងកម្លាំង ឧទ្ធម្ភាគចក្រប្រយុទ្ធនិងយន្តហោះចម្បាំងផ្សេងទៀត ក្នុងការប៉ុនប៉ងវាយផ្តាចយកក្រុង Avdiyivka នេះ។
កងកម្លាំងអ៊ុយក្រែនភាគខាងត្បូងប្រទេសបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនដែលការពារជុំវិញក្រុង Avdiyivka បាននិងកំពុងការពារក្រុង Avdiyivka យ៉ាងក្លៀវក្លានិងក្តីក្លាហាន យ៉ាងក្រែលែង។

កងកម្លាំងអ៊ុយក្រែនបានថ្លែងក្រុមទាហានរុស្ស៊ីបានបង្កើននូវកម្លាំងទាហាន បំរុងរបស់ខ្លួនក្នុងការចង់វាយទម្លុះរបាំងការពារក្រុង។ កងកម្លាំងអង្គភាព១១០របស់អ៊ុយក្រែន បានរាយការណ៍ថា រុស្ស៊ីបានឡោមព័ទ្ធបីមុខព្រួញរប​ស់ខ្លួន ប៉ុន្តែថាការវាយប្រហារដណ្តើមទឹកដីនេះ មានលក្ខណៈទៅមកដូចល្បែងឆ្មាដេញកណ្តុរ។ ​ការវាយប្រហារប៉ុនប៉ងដណ្តើមយក ក្រុង Avdiyivka បានធ្វើឡើងក្នុងស្ថានភាពដែលរដូវចុះត្រ ជាក់កំពុងឈានមកដល់។ មេបញ្ជាការអ៊ុយក្រែនបានថ្លែងគិតទុកជាមុនថា រុស្ស៊ីនឹងបើកការ វាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួនជាបន្ថែមទៀត ក្នុងរដូវរងារចូលមកដល់ខាងមុខនេះ។

នាពេលនេះ ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងតែវាយលុកសម្តៅមកភាគឥសានប្រទេស, កង កម្លាំងអ៊ុយក្រែនត្រូវគេឃើញថា ហាក់បីដូចជារង់ចាំត្រៀមទប់ទល់នឹងរលកទីបីនៃការប្រយុទ្ធ ក្នុងរដូវរងាររបស់រុស្ស៊ី។ បើទោះបីជាប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បាននិយាយចាត់ទុកស្ថានការណ៍នា ពេលនេះមានសភាពស្វិតស្វាញ, លោកបានថ្លែងដាស់តឿនដល់កងទ័ពរបស់លោកកាលពី ថ្ងៃទី១២វិច្ឆិកាកន្លងមកនេះ ត្រូវត្រៀមខ្លួនទប់ទល់នូវរលកទីបីនៃការប្រយុទ្ធរដូវរងាររបស់ រុស្ស៊ី ដែលគេរំពឹងថា រុស្ស៊ីនឹងធ្វើការវាយប្រហារដាក់លើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនីដូច អ្វី ដែលធ្លាប់បានធ្វើក្នុងការវាយប្រហារក្នុងពេលកន្លែងមក។

គួររំលឹកថាក្នុងអំឡុងរដូវស្លឹកឈើជ្រុះ និងរដូវរងាឆ្នាំ២០២២ និង២០២៣, ការវាយប្រហារ របស់រុស្ស៊ីដាក់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនមានជាច្រើនលើក ដោយការ ប្រើប្រាស់មីស៊ីលនិងដ្រូន។ នៅថ្ងៃទី១០តុលា ឆ្នាំ២០២២ រុស្ស៊ីបានវាយប្រហារបណ្តាញអគ្គិ សនីនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងនៅក្នុងរដ្ឋធានីកៀវ ដោយមានការបាញ់ស្រោច គ្រាប់មីស៊ីលគ្រូស៨៤គ្រាប់និងដ្រូនអត្តឃាត២៤គ្រឿង។ ការវាយប្រហារដាក់លើហេដ្ឋារចនា សម្ព័ន្ធថាមពលអ៊ុយក្រែននោះ បានសម្លាប់និងបង្ករបួសដល់មនុស្សជាច្រើននាក់ និងប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ការចែកចាយថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន និងប្រទេសជិតខាងផង ដែរ។

គិតត្រឹមថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២, ពេលនោះ ស្ទើរតែពាក់កណ្តាលនៃបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន បានដាច់ចរន្តអគ្គិសនី ហើយប្រជាជនអ៊ុយក្រែន ប្រមាណ១០លាននាក់ បានរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់។ នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២២, រុស្ស៊ីបានបាញ់មីស៊ីល និងដ្រូនអត្តឃាតជាង១ពាន់គ្រឿង ថែមទៀតដាក់មកលើបណ្តាញថាមពលរបស់អ៊ុយក្រែន។ ការវាយប្រហារជាច្រើនទៀតបាន ធ្វើដាក់មកលើរដ្ឋធានីគៀវ រួមទាំងការវាយប្រហារមួយលើកនៅថ្ងៃទី១៦ខែឧសភាឆ្នាំ ២០២៣ ដែលអ៊ុយក្រែនបាននិយាយថា គេថែមទាំងបានស្ទាក់ចាប់មីស៊ីល Kinzhal ចំនួនប្រាំមួយគ្រឿងរប​ស់រុស្ស៊ីថែមទៀត។ ការវាយប្រហារដាក់លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពល គឺ ជាការវាយប្រហារមួយដែលគេចោទថារុស្ស៊ីចង់ឱ្យអ៊ុយក្រែនចុះញ៉មនៅក្នុងរដូវត្រជាក់ដែល រងារមិនអាចទ្រាំបាន។ តើក្នុងរដូវរងារឈានមកដល់ខាងមុខនេះ រុស្ស៊ីនឹងធ្វើសកម្មភាពដូច រដូវត្រជាក់មុនទៀតដែរឬយ៉ាងណា? យើងនឹងបន្តរាយការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធនឹង ស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែននេះ៕

រូបភាពពី Reuters