(កាប៊ុល)៖ សេចក្តីថ្លែងការណ៍របស់ក្រសួងជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍បាននិយាយថា ជនភៀសខ្លួនសរុបចំនួន ៥,៦៤០ នាក់ បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថានតាមច្រក Torkham និង Spin Boldak ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដោយបន្ថែមថា ជនភៀសខ្លួនទាំងនោះបានទទួលជំនួយដែលចាំបាច់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កាលពីថ្ងៃចន្ទសប្តាហ៍នេះដែរ ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៣,០០០ នាក់ក៏បានវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ មានជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ២.៥ លាននាក់រស់នៅក្នុងប្រទេសប៉ាគីស្ថាន ហើយចំនួនប្រហាក់ប្រហែលគ្នានេះ ក៏មាននៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤០០,០០០ នាក់បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញក្នុងរយៈពេល ២ ខែចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

រូបភាពពី AFP