(ណៃពិដោ)៖ ក្រុមអ្នកប្រយុទ្ធនៃចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចមួយ បានបន្តបង្កើនការវាយលុករបស់ពួកគេ លើកងកម្លាំងសន្តិសុខនៃរបបសឹកមីយ៉ាន់ម៉ា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស នាថ្ងៃអង្គារនេះ ពោលគឺ២ថ្ងៃជាប់គ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យរបស់ចលនាប្រដាប់អាវុធ Arakan Army (AA) បានអះអាងថា កាលពីព្រឹកថ្ងៃអង្គារនេះ ក្រុមអ្នកប្រយុទ្ធពួកគេដណ្តើមបាន ប៉ុស្តិ៍ឈរជើងមួយកន្លែង របស់កងកម្លាំងប៉ូលិសព្រំដែន នៅភូមិ Chinkhali នៃរដ្ឋ Rakhine ហើយចលនា AA បានវាយប្រហារលើប៉ុស្តិ៍យោធាមួយចំនួន នៅលើជម្រាលភ្នំ២កន្លែង ក្នុងតំបន់ Paletwa នៅរដ្ឋក្បែរខាងគ្នាគឺរដ្ឋ Chin ថែមទៀត។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចលនា AA បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ នៅឯតំបន់ Rathedaung, Maungdaw, និង Minbya នៃរដ្ឋ Rakhine ដោយអ្នកប្រយុទ្ធរបស់ខ្លួន៦នាក់ និងកងកម្លាំងសន្តិសុខ១០នាក់ បានបាត់បង់ជីវិត។ ចលនាប្រដាប់អាវុធមួយនេះ បានចំណាយពេលរាប់ឆ្នាំមកហើយ ក្នុងការប្រយុទ្ធតស៊ូដើម្បីព្យាយាមទាមទារស្វ័យភាព សម្រាប់ជនជាតិភាគតិចនៃរដ្ឋ Rakhine ហើយក៏មានវត្តមាននៅរដ្ឋ Chin ផងដែរ។
កាលពីខែតុលាកន្លងទៅ ចលនា Arakan Army បានបើកប្រតិបត្តិការវាយលុករួមគ្នា ជាមួយចលនាប្រដាប់អាវុធជនជាតិភាគតិច២ផ្សេងទៀត ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅពាសពេញមួយផ្នែកធំនៃរដ្ឋ Shan ភាគខាងជើងប្រទេស ក្បែរព្រំប្រទល់ចិន។ ចលនា AA, Myanmar National Democratic Alliance Army (MNDAA), និង Ta'ang National Liberation Army (TNLA) ដណ្តើមបានក្រុងយុទ្ធសាស្រ្តមួយចំនួន ហើយបានបិទខ្ទប់ច្រកពាណិជ្ជកម្មសំខាន់ចំនួន២ ជាមួយប្រទេសចិន ព្រមទាំងគ្រប់គ្រងបានច្រកព្រំដែនសំខាន់មួយ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅភាគខាងជើង ដែលអង្គការសហប្រជាជាតិអះអាងថា បានធ្វើឱ្យប្រជាជនស៉ីវិលយ៉ាងហោចជាង៥០,០០០នាក់ រត់ភៀសខ្លួនពីផ្ទះសម្បែង គឺត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាបញ្ហាប្រឈមផ្នែកយោធាដ៏ធំមួយ សម្រាប់របបសឹកមីយ៉ាន់ម៉ា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ មកទល់នឹងពេលនេះ៕
រូបភាពពី Reuters