(បែរឡាំង)៖ នៅថ្ងៃអង្គារនេះ ប្រមុខការពារជាតិអាល្លឺម៉ង់ បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងមិនអាចសម្រេចតាមគោលដៅរបស់ខ្លួន នៃការបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់ ឱ្យទៅអ៊ុយក្រែនបាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
កាលពីឆ្នាំ២០២២ សហភាពអឺរ៉ុបបានសន្យាផ្តល់ គ្រាប់កាំភ្លើងធំដ៏ចាំបាច់ទាំងនោះ ឱ្យទៅដល់ដៃអ៊ុយក្រែន នៅត្រឹមខែមីនា ឆ្នាំ២០២៤ ដើម្បីជួយទីក្រុងកៀវ នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងកងកម្លាំងឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែមកទល់ពេលនេះ ក្រុមប្រទេសជាសមាជិក EU បានផ្តល់ឱ្យអ៊ុយក្រែនត្រឹមតែ៣០០,០០០គ្រាប់ប៉ុណ្ណោះ ចេញពីឃ្លាំងមានស្រាប់របស់ពួកគេ។ ក្រុមប្រទេសអឺរ៉ុបកំពុងដាក់ការបញ្ជាទិញរួមគ្នា សម្រាប់គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ប៉ុន្តែទន្ទឹមគ្នាក៏មានមន្ទិលសង្ស័យផងដែរ ជុំវិញសមត្ថភាពនិងល្បឿននៃការផលិតរបស់ក្រុមហ៊ុនការពារជាតិអឺរ៉ុប។
ថ្លែងក្នុងកិច្ចប្រជុំមួយជាមួយបណ្តាសមភាគី EU របស់លោក នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយយ៉ាងដូច្នេះថា «គួរឱ្យសោកស្តាយ សំឡេងដែលបានបង្ហាញក្តីបារម្ភ គឺត្រឹមត្រូវនាពេលនេះ។ គោលដៅនៃការបញ្ជូនកាំភ្លើងធំឱ្យបាន១លានគ្រាប់ តាមពេលកំណត់ នឹងមិនអាចទៅរួចឡើយ។ ពួកយើងត្រូវតែនាំគ្នាសន្មត់បែបនោះទុកឱ្យហើយ»។
គួរបញ្ជាក់ថា យ៉ាងណាមិញ ក្រុមមន្រ្តី EU បានទទូចថា វាហាក់ដូចជាឆាប់ពេកនៅឡើយ ក្នុងការអះអាងថា គោលដៅនឹងពុំអាចសម្រេចទៅបាន ទោះបីជាមន្ទិលសង្ស័យកាន់តែកើនឡើងក៏ដោយ។ ប្រមុខគោលនយោបាយការបរទេសរបស់ EU លោក Josep Borrel បានលើកឡើងថា បញ្ហាចម្បងមួយគឺត្រង់ថា ក្រុមហ៊ុនការពារជាតិអឺរ៉ុប ត្រូវនាំចេញប្រមាណជា៤០ភាគរយ នៃផលិតផលរបស់ពួកគេ ទៅកាន់ប្រទេសដទៃ៕
រូបភាពពី AFP