(ហ្ស៊េរុយសាឡិម)៖ គ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា ទាហានអ៉ីស្រាអែលគាំទ្រដោយកងកម្លាំងទ័ពអាកាស បានវាយឆ្មក់ចូលទីក្រុងមួយក្នុងតំបន់ West Bank នៅថ្ងៃអង្គារនេះ បង្កឲ្យមានការប៉ះទង្គិចគ្នា សម្លាប់ជនជាតិប៉ាឡេស្ទីន ៦នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងទ័ពអ៉ីស្រាអែល និងប៉ូលិសនិយាយថា កងកម្លាំងដែលបញ្ជូនទៅកាន់ទីក្រុង Tulkarm ដើម្បីបង្រ្កាបក្រុមសកម្មប្រយុទ្ធ សង្ស័យថាបានរងនូវការបាញ់ប្រហារ ហើយពួកគេបានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីនជាច្រើននាក់ នៅក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។ គ្មានជនជាតិអ៉ីស្រាអែលណាម្នាក់ស្លាប់ ឬរបួសក្នុងការប៉ះទង្គិចគ្នានេះទេ។

គួរបញ្ជាក់ថា គ្មានការទទួលស្គាល់ណាមួយពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដែលអ៉ីស្រាអែលបានបង្កើនសកម្មភាពនៅតំបន់ West Bank នោះទេ ខណៈអ៉ីស្រាអែលកំពុងធ្វើសង្គ្រាមលើក្រុមហាម៉ាស់ និងក្រុមជីហាតនៅតំបន់ Gaza។ ប៉ុន្តែកំហឹងជុំវិញការប្រយុទ្ធគ្នា កាន់តែកើនឡើងនៅតំបន់ West Bank និងនៅប្រទេសជាច្រើននៃពិភពអារ៉ាប់ ជាមួយនិងការអំពាវនាវរកបទឈប់បាញ់៕

រូបភាពពី AFP