(គូឡាឡាំពួ)៖ នៅថ្ងៃអង្គារនេះ តុលាការជាន់ខ្ពស់បំផុតរបស់ម៉ាឡេស៉ី បានសម្រេចបន្ធូរបន្ថយទោសប្រហារជីវិត របស់អ្នកទោស៧នាក់​ដំបូង មកនៅត្រឹមជា ទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ បន្ទាប់ពី៤ខែមុន ប្រទេសអាស៊ានមួយនេះ បានលុបចោលជាផ្លូវការ នូវ​ការផ្តន្ទាទោស​ប្រហារជីវិតជាកាតព្វកិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្រោមច្បាប់ថ្មី ដែលបានចូលជាធរមានកាលពីខែកក្កដា ឆ្នាំនេះ ចៅក្រមមានជម្រើសផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែងរហូតដល់​៣០ឆ្នាំ ជំនួសឱ្យទោសប្រហារជីវិត។ ពីមុនមក ការផ្តន្ទាទោសសម្រាប់បទល្មើសធ្ងន់ៗមួយចំនួន រួមមានទាំងឃាតកម្មនិងការជួញដូរគ្រឿងញៀន គឺត្រូវតែផ្តន្ទាទោស​ប្រហារជីវិតដោយស្វ័យប្រវត្តិ។ ចាប់តាំងពីការចូលជាធរមាននៃច្បាប់ថ្មី តុលាការសហព័ន្ធ ដែលជាតុលាការកំពូលម៉ាឡេស៉ី បានពិនិត្យឡើងវិញ លើសាលក្រមផ្តន្ទាទោសប្រហារជីវិត នាពេលកន្លងមក។ ក្រុមមេធាវីរបស់អ្នកជាប់ទោសប្រហារជីវិតសរុបជាង៨៦០នាក់ បានដាក់សំណើ​ឱ្យមានការបន្ធូរបន្ថយទោសដល់កូនក្តីរបស់ពួកគេ។

នៅថ្ងៃអង្គារនេះ ទោសប្រហារជីវិតក្រោមបទល្មើសជួញដូរគ្រឿងញៀន នៃអ្នកទោសចំនួន៧នាក់ដំបូងគេ ក្នុងនោះរួមមានជនជាតិម៉ាឡេស៉ី៥នាក់ និងថៃ២នាក់ ត្រូវបានតុលាការកំពូលនៃប្រទេសម៉ាឡេស៉ី សម្រេចបន្ថយមកនៅត្រឹមជាទោសប្រហារជីវិត។ ទោសប្រហារជីវិតនៅម៉ាឡេស៉ី ត្រូវបានកំណត់ថា ជាការជាប់ក្នុងពន្ធនាគាររយៈពេល ៣០ឆ្នាំ ហើយអ្នកទោសអាចត្រូវដោះលែងឱ្យមានសេរីភាពបាន ប្រសិនបើប្រកាន់អាកប្បកិរិយាល្អ ក្រោយអនុវត្តបាន១ភាគ៣ នៃរយៈពេលទោសជាប់ពន្ធនាគាររបស់ពួកគេ។ តុលាការកំពូលម៉ាឡេស៉ី បានអះអាងថា មុនឈានដល់ការសម្រេច​ខាងលើ ខ្លួនបានពិចារណាលើកត្តាចម្រុះជាច្រើន រួមមានទាំងអាយុអ្នកទោស ស្ថានភាពសុខភាព និង​ចំនួនឆ្នាំដែលពួកគេបានជាប់ពន្ធនាគាររួចមកហើយ។

គួរបញ្ជាក់ថា អ្នកទោសទាំង៧នាក់ខាងលើ គឺម្នាក់ៗបានស្ថិតក្នុងពន្ធនាគាររយៈពេលជាង២០ឆ្នាំមកហើយ។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នៅឡើយទេថា តើក្នុងចំណោមពួកគេ អាចមានអ្នកដែលនឹងត្រូវដោះលែងឱ្យមានសេរីភាព ក្នុងពេលឆាប់ៗខាងមុខដែរឬយ៉ាងណា។ ប្រទេសម៉ាឡេស៉ី បានផ្អាកប្រហារជីវិតអ្នកទោសតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែតុលាការបានបន្តផ្តន្ទាទោសប្រហារជីវិត លើ​អ្នកទោសដែលប្រព្រឹត្តបទល្មើសកម្រិតធ្ងន់ៗ៕

រូបភាពពី Reuters