(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងថា បណ្តារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ (UN) ដែលទទួលបន្ទុកអនុវត្តបទឈប់បាញ់សង្រ្គាកូរ៉េ គឺសុទ្ធតែមានក្តីព្រួយបារម្ភដូចគ្នា ចំពោះការដែលចិនហើយនិងរុស្ស៉ីកំពុងជួយកូរ៉េខាងជើង ពង្រីក​សមត្ថភាពយោធា តាមរយៈការជួយទីក្រុងព្យុងយ៉ាងគេចវេះពីទណ្ឌកម្មរបស់ UN។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងដូចខាងលើ នៅឯកិច្ចប្រជុំមួយក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយប្រមុខការពារជាតិនិងក្រុមអ្នកតំណាង មកពីប្រទេសសរុបចំនួន១៧ ដែលជាសមាជិកនៃទីបញ្ជាការសហប្រជាជាតិ ឬ UN Command (UNC) ដែលជាស្ថាប័នទទួលបន្ទុកឃ្លាំមើល និងអនុវត្តបទឈប់បាញ់សង្រ្គាមកូរ៉េ។ លោក Austin បាននិយាយដូច្នេះថា «ពួកយើងមានក្តីកង្វល់ជាខ្លាំង ចំពោះការដែលចិននិងរុស្ស៉ី កំពុងជួយកូរ៉េខាងជើងពង្រីកសមត្ថភាពយោធា តាមរយៈការជួយទីក្រុងព្យុងយ៉ាងគេចវេះពីទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ ពួកយើងក៏មានក្តីបារម្ភផងដែរ ចំពោះការកើនឡើង​នាពេលថ្មីៗនេះ នៃកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៉ីនិងកូរ៉េខាងជើង»។

ទីក្រុងវ៉ាស៉ីនតោនបានចោទប្រកាន់កូរ៉េខាងជើង ពីការផ្គត់ផ្គង់សម្ភារយោធានិងសព្វាវុធឱ្យរុស្ស៉ី ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយចោទទីក្រុងមូស្គូ ពីការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសយោធា ដើម្បីជួយទីក្រុងព្យុងយ៉ាងវិញ ជាការតបស្នង។ ទាំងកូរ៉េខាងជើង​និងរុស្ស៉ី សុទ្ធតែបានបដិសេធដូចគ្នា ចំពោះការចោទប្រកាន់របស់អាមេរិក ទោះបីជាមេដឹកនាំនៃប្រទេសទាំងពីរ បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែជិតស្និទ្ធ នៅពេលលោក គីម ជុងអ៊ុន និងលោក វ៉្លាឌីមៀ ពូទីន បានជួបគ្នានៅ​តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី កាលពីខែកញ្ញាកន្លងទៅ ក៏ដោយ។ រីឯចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង ធ្លាប់បានអះអាងថា ខ្លួនប្រកាន់ខ្ជាប់ជានិច្ចនូវកាតព្វកិច្ចអន្តរជាតិ។

គួរបញ្ជាក់ថា អំលុងសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ចិននិងអតីតសហភាពសូវៀត បានគាំទ្រកូរ៉េខាងជើង ក្នុងការប្រយុទ្ធជាមួយ កងកម្លាំងរបស់ UN ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ចិននិងកូរ៉េខាងជើង គឺជាភាគីនៃបទឈប់បាញ់ជាមួយ UNC។ ក្រុមប្រទេស​ទាំង១៧ នៃ ​UNC ដែលរួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី និងតួកគី បានបញ្ជូនកងទ័ពឬផ្តល់ការគាំទ្រផ្នែក​វេជ្ជសាស្រ្ត អំលុងសង្រ្គាមនោះ។ បង្កើតឡើងកាលពីឆ្នាំ១៩៥០ ទីបញ្ជាការសហប្រជាជាតិ មានភារកិច្ចស្តារសន្តិភាពនិងអនុវត្តបទឈប់បាញ់សង្រ្គាមកូរ៉េ ហើយដើរតួនាទីជាមធ្យោបាយសម្រាប់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង។ UNC ស្ថិតក្រោមការដឹកនាំរបស់​មេបញ្ជានៃកងកម្លាំងយោធាអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូរ៉េខាងជើងបានហៅ UNC ថា ជាឧបករណ៍សម្រាប់ប្រឈមមុខគ្នារបស់អាមេរិក ដែលមិនមានពាក់ព័ន្ធជាមួយ​អង្គការសហប្រជាជាតិទាល់តែសោះ ហើយជាអង្គការសង្រ្គាមខុសច្បាប់មួយ ដែលចាំបាច់ត្រូវតែរំលាយចោល ប្រសិនបើចង់ទប់ស្កាត់ការផ្ទុះឡើង​នៃសង្រ្គាមសាជាថ្មី នៅឧបទ្វីបកូរ៉េ៕

រូបភាពពី Reuters