(តៃប៉ិ)៖ មន្រ្តីជាន់ខ្ពស់ម្នាក់នៃកោះតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា តៃវ៉ាន់កំពុងតែធ្វើការដើម្បីរៀបចំឱ្យមានជំនួបមួយទល់នឹងមួយ រវាងអ្នកតំណាងរបស់ខ្លួន ហើយនិងប្រធានាធិបតីអាមេរិក​ លោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco នាសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

កោះតៃវ៉ាន់ដែលត្រូវទីក្រុងប៉េកាំងចាត់ទុកជា ផ្នែកនៃទឹកដីរបស់ប្រទេសចិន ចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក ហៅកាត់ថា APEC ក្នុងនាមជា «ចិនតៃប៉ិ» ហើយមិនបញ្ជូនមេដឹកនាំរបស់ខ្លួន ឱ្យចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាឡើយ។ លោក Wellington Koo ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិថា ខាងរដ្ឋាភិបាលកំពុងធ្វើការ ​ដើម្បីព្យាយាមរៀបចំឱ្យមានកិច្ចប្រជុំទ្វេភាគី រវាងបេសកជន APEC របស់តៃវ៉ាន់ គឺលោក Morris Chang វ័យ៩២ឆ្នាំ ដែលជាស្ថាបនិក​នៃក្រុមហ៊ុនបន្ទះឈីបយក្ស TSMC និងលោក បៃដិន ដែលមានវ័យ៨០ឆ្នាំ។

ដូចប្រទេសជាច្រើនទៀតដែរ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែជាខ្នងបង្អែកដ៏សំខាន់របស់​ដែនកោះនេះនៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធ។ ភាពតានតឹងជុំវិញកោះតៃវ៉ាន់ ត្រូវគេរំពឹងថា ក៏ទំនងជានឹងត្រូវលើកឡើង​ផងដែរ នៅពេលលោក បៃដិន ជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្រៅកិច្ចប្រជុំ APEC នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់)។

ដោយឡែក នៅពេលត្រូវបានសាកសួរថា តើលោក Chang ទទួលបានភារកិច្ចឱ្យជួបរាក់ទាក់លោក ស៉ី ហើយពាំនាំសារទៅកាន់លោក ពីសំណាក់មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing Wen ដែរឬអត់នោះ លោក Koo បានឆ្លើយថា «ទេ» ប៉ុន្តែលោក Koo បានបន្ថែមដូច្នេះថា «អ្វីៗគួរតែកើតឡើងតាមធម្មតា»។ អំលុងកិច្ចប្រជុំ APEC នៅទីក្រុងបាងកកនៃប្រទេសថៃ កាលពីឆ្នាំ២០២២ លោក Change បានជួបជជែកគ្នាមួយភ្លែតជាមួយលោក ស៉ី ហើយព្រមទាំងបានពិភាក្សាអំពីឧស្សាហកម្មបន្ទះឈីប ជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris។

គួរបញ្ជាក់ថា ចិនបានកាត់ផ្តាច់យន្តការកិច្ចសន្ទនាផ្លូវការជាមួយតៃវ៉ាន់ បន្ទាប់ពីលោកស្រី Tsai បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៦ ជាមួយការចោទប្រកាន់ថា លោកស្រីប្រកាន់និន្នាការចង់បំបែករដ្ឋ។ លោកស្រី Tsai បាននិយាយថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលអាចសម្រេចជោគវាសនារបស់ដែនកោះនេះបាន ហើយទាត់ចោលការទាមទារអធិបតេយ្យរបស់ចិនលើតៃវ៉ាន់៕

រូបភាពពី Reuters