(កៀវ)៖ យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការប្រយុទ្ធគ្នាគឺកាន់តែខ្លាំងឡើងនៅជុំវិញទីក្រុង Avdiivka ស្ថិតនៅភាគខាងកើត អ៊ុយក្រែន ខណៈរុស្ស៉ីកំពុងបង្កើនការទម្លាក់គ្រាប់បែក និងព្យាយាមឆ្ពោះទៅមុខជាមួយកងទ័ពថ្មើរជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Oleksandr Shtupun បានប្រាប់ទូរទស្សន៍ជាតិថា «ការប្រយុទ្ធគ្នាកំពុងបន្តរយៈពេល ២ថ្ងៃកន្លងមកនេះ។ កងកម្លាំងរុស្ស៉ី ដែលកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនក្នុងតំបន់ បានបង្កើនការទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំង Su-35»។ លោក Shtupun បានបន្ថែមថា «សត្រូវ (រុស្ស៉ី) ក៏កំពុងចល័តកងទ័ពថ្មើរជើងកាន់តែច្រើនឡើងៗ។ ប៉ុន្តែ នៅពេលពួកគេព្យាយាមដាក់ពង្រាយរថពាសដែក កាលពីថ្ងៃ ម្សិលមិញ រថក្រោះពីរគ្រឿង និងយានជំនិះ ១៤គ្រឿងផ្សេងទៀត ត្រូវបានបំផ្លាញទាំងអស់»

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បានបង្កើនការវាយលុកលើភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីបរាជ័យនៅទីក្រុងកៀវនៅដើមទីនៃសង្រ្គាម ហើយចាប់តាំង ពីពាក់កណ្តាលខែតុលាកន្លងទៅនេះមក រុស្ស៉ីបានជំរុញការវាយដណ្តើមយកទីក្រុង Avdiivka ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ពីទីតាំងដែល ខ្លួនគ្រប់គ្រងនៃតំបន់ Donetsk៕

រូបភាពពី Reuters