(មូស្គូ)៖ ក្រុមហ៊ុនផលិតអាវុធ Rosoboronexport របស់រុស្ស៉ីកំពុងពិភាក្សាជាមួយក្រុមហ៊ុនឥណ្ឌា អំពីការរួមគ្នាផលិតអាវុធសម្រាប់យន្តហោះចម្បាំង ដល់កងទ័ពអាកាសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ RIA នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

RIA បានដកស្រង់សម្តីរបស់លោក Alexander Mikheyev អគ្គនាយកក្រុមហ៊ុន Rosoboronexport ដែលគូសបញ្ជាក់ថា «Rosoboronexport កំពុងធ្វើការជាមួយក្រុមហ៊ុនឯកជន និងសាធារណៈរបស់ឥណ្ឌា ដើម្បីរៀបចំការផលិតអាវុធសម្រាប់យន្តហោះ និងបញ្ជូនទៅឲ្យកងទ័ពអាកាសនៅក្នុង ប្រទេសឥណ្ឌា»។ ប៉ុន្តែ ចំពោះមិនមានព័ត៌មានលម្អិតអំពីក្រុមហ៊ុនឥណ្ឌាណាខ្លះនឹងចូលរួមក្នុងដំណើរការនេះ ឬពេលណាចាប់ផ្តើមផលិតនោះទេ។ លោក Mikheyev បានបន្ថែមថា កន្លងមក Rosoboronexport និងដៃគូផ្សេងទៀតធ្លាប់ផលិតឲ្យក្រសួងការពារជាតិឥណ្ឌា នូវយន្តហោះចម្បាំង Su-30MKI រថក្រោះ រថពាសដែក និងគ្រាប់ផ្លោង។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ វិទ្យាស្ថាន Stockholm International Peace Research រុស្ស៉ីនៅតែបន្តជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតរបស់ ឥណ្ឌា ដោយបានចំណែកនាំចូលសម្រាប់វិស័យការពារជាតិក្នុងអត្រា ៤៥% កាលពីឆ្នាំ ២០២២។ នៅដើមឆ្នាំ ២០២៣នេះ ប្រទេសទាំងពីរ ទើបនឹងបានចាប់ផ្តើមការផលិតរួមគ្នានូវកាំភ្លើង AK-203 Kalashnikov៕

រូបភាពពី Reuters