(ហ្កាហ្សា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានជំរុញឱ្យអ៉ីស្រាអែល ការពារអាយុជីវិតជនស៊ីវិលដែលកំពុងស្ថិតនៅក្នុង មន្ទីរពេទ្យ Al Shifa ខណៈរថក្រោះអ៉ីស្រាអែលកំពុងប្រមូលផ្ដុំនៅមាត់ច្រកចូលនៃមន្ទីរពេទ្យដ៏ធំជាងគេបំផុតមួយនេះក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

អង្គការសហប្រជាជាតិជឿថាមនុស្សរាប់ពាន់នាក់ ឬក៏អាចដល់ជាង ១០,០០០នាក់ក្នុងនោះរួមមានអ្នកជំងឺ បុគ្គលិក និងជនភៀសខ្លួន កំពុងស្ថិតនៅ ខាងក្នុងមន្ទីរពេទ្យ Al Shifa និងមិនអាចចេញទៅណារួចដោយសារតែការប្រយុទ្ធគ្នាដ៏សាហាវនៅក្បែរមន្ទីរពេទ្យនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅ សេតវិមាន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «មន្ទីរពេទ្យត្រូវតែស្ថិតនៅក្រោមការគាំពារ»។ ប្រធានាធីបតីអាមេរិករូបនេះក៏បានអំពាវនាវផងដែរ ឱ្យអ៉ីស្រាអែលធ្វើសកម្មភាពដោយប្រុងប្រយ័ត្នពាក់ព័ន្ធនឹងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា រថក្រោះអ៉ីស្រាអែលជាច្រើនគ្រឿងត្រូវបានរាយការណ៍ថាកំពុងប្រមូលផ្ដុំនៅច្រកចូលនៃមន្ទីរពេទ្យ Al Shifa ដែលយោធាអ៉ីស្រាអែល អះអាងថាមានរូងក្រោមដីជាច្រើនរបស់ក្រុមហាម៉ាសនៅទីនោះ។ ប៉ុន្តែខាងហាម៉ាសបានច្រានចោលការចោទប្រកាន់បែបនេះ៕

រូបភាពពី AFP