(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស អំឡុងការរុះរើគណៈរដ្ឋមន្ត្រីជាលើកដំបូងបំផុតចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែតុលា ឆ្នាំ២០២២មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយបន្ទាប់ពីការប្រកាសផ្ដល់តួនាទីថ្មីសម្រាប់រូបលោក លោក Cameron ក៏បានលើកឡើងដែរថាចក្រភពអង់គ្លេស កំពុងប្រឈមមុខនឹងបញ្ហាប្រឈមអន្តរជាតិជាកញ្ចប់ ក្នុងនោះរួមមានសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ា។ «ទោះជាខ្ញុំបានចាកចេញពី សមរភូមិនយោបាយអស់រយៈពេល ៧ឆ្នាំមកនេះក៏ដោយ ក៏ខ្ញុំសង្ឃឹមថាបទពិសោធន៍របស់ខ្ញុំ ក្នុងនាមជាមេដឹកនាំអភិរក្សនិយមម្នាក់អស់រយៈពេល ១១ឆ្នាំ និងជានាយករដ្ឋមន្ត្រីអស់ ៦ឆ្នាំ នឹងអាចជួយខ្ញុំ ដើម្បីជួយលោកនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាប្រឈមទាំងនេះ»។ នេះជាការបញ្ជាក់របស់លោក David Cameron។

គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី លោក Rishi Sunak សម្រេចចិត្តបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Suella Braverman ចេញពីតំណែង ក្រោយលោកស្រីបានធ្វើការចោទប្រកាន់ នៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែតនៅក្នុងស្រុកថាប៉ូលិស អង់គ្លេសមានស្ដង់ដារ២ ចំពោះបាតុកម្មតវ៉ា ពោលគឺផ្ដល់ភាពងាយស្រួលដល់បាតុករគាំទ្រប៉ាឡេស្ទីន និងរឹតបន្តឹងលើក្រុមបាតុករអ្នកសាំ្តនិយម។

ការលើកឡើងបែបនេះរបស់លោកស្រី Suella Braverman ត្រូវបានគណបក្សប្រឆាំងធំបំផុតរបស់អង់គ្លេស Labour Party អះអាងថាមានចរិតដុតបញ្ឆេះ ភាពតានតឹងបន្ថែមរវាងក្រុមបាតុករគាំទ្រប៉ាឡេស្ទីន និងក្រុមបាតុករស្ដាំនិយមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ជាពេលដែលមនុស្សជិត ១៥០នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន។ ក្រោយភាពចម្រូងចម្រាសនេះកើតឡើង លោក Rishi Sunak បានសម្រេចតែងតាំងរដ្ឋមន្ត្រីការបរទេស លោក James Cleverlyជារដ្ឋមន្ត្រីមហាផ្ទៃជំនួសលោកស្រី Suella Braverman៕

រូបភាពពី Reuters