(ឡុងដ៍)៖ ប្រភពពីរដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងថា នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានសម្រេចបណ្តេញរដ្ឋមន្រ្តីមហាផ្ទៃរបស់លោក គឺលោកស្រី Suella Braverman ចេញពីតំណែង ដែលវាគឺជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្រ្តី បន្ទាប់ពីលោកស្រី បានរិះគន់ថា ប៉ូលិសប្រកាន់ជំហរលម្អៀងទៅលើ ចលនាបាតុកម្មគាំទ្រប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពខាងលើបានអះអាងថា ដោយស្ថិតក្រោមសម្ពាធពីក្រុមសមាជិកសភាបក្សប្រឆាំង និងសមាជិកនៃគណបក្សកាន់អំណាចរបស់លោកផ្ទាល់ ដែលទាមទារចង់ឱ្យដកហូតតំណែងលោកស្រី Braverman លោក Sunak បានសម្រេចចិត្តធ្វើយ៉ាងដូច្នោះ ដោយបានស្នើសុំឱ្យលោកស្រីចាកចេញពីរដ្ឋាភិបាល ហើយលោកស្រី Braverman ក៏បានទទួលយកសំណើនោះ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក James Cleverly ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី។ រីឯបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron នឹងត្រូវក្លាយជារដ្ឋមន្រ្តីការបរទេស ជំនួសលោក Cleverly។
កាលពីសប្តាហ៍មុន លោកស្រី Braverman បានចេញអត្ថបទមួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអង់គ្លេស ដោយមានខ្លឹមសារចោទប្រកាន់ប៉ូលិសអង់គ្លេសថា ប្រកាន់នូវស្តង់ដាពីរ ក្នុងការប្រព្រឹត្តទៅលើសកម្មភាពបាតុកម្ម ពោលគឺមានភាពលម្អៀងទៅកាន់ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។ ការចោទប្រកាន់របស់លោកស្រី ត្រូវគណបក្សប្រឆាំងអះអាងថា បានបង្កើនភាពតានតឹងអំលុងចលនាបាតុកម្មគាំទ្រប៉ាឡេស្ទីន និងសកម្មភាពបាតុកម្មប្រឆាំងចលនានោះ នៅក្នុងចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា ការដកតំណែងរដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសនេះកើតមានឡើង ស្របពេលដែលគណបក្សកាន់អំណាចអង់គ្លេស បានឱ្យដឹងថា ការរុះរើទ្រង់ទ្រាយធំមួយ នៃរដ្ឋមន្រ្តីកំពូលៗរបស់រដ្ឋាភិបាលលោក Sunak កំពុងតែប្រព្រឹត្តទៅ ខណៈវាគឺជាការរុះរើលើកដំបូងបំផុត គិតចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២២។ លោកស្រី Braverman ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃ ក្រោយពេលលោក Sunak ក្លាយជានាយករដ្ឋមន្រ្តី៕
រូបភាពពី Reuters