(ញូវដែលី)៖ នៅថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា កុមារកាន់តែច្រើនថែមទៀតនៅតំបន់អាស៉ីខាងត្បូង កំពុងរងទុក្ខលំបាកព្រោះស្ថានភាពខ្វះខាតធនធានទឹកធ្ងន់ធ្ងរ ដែលត្រូវបានជំរុញឱ្យកាន់តែអាក្រក់ ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាងកន្លែងដទៃទៀតនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទីភ្នាក់ងារកុមាររបស់ UN គឺ UNICEF បាននិយាយក្នុងរបាយការណ៍ថា កុមាររហូតដល់ទៅ៣៤៧លាននាក់ ក្រោមអាយុ១៨ឆ្នាំ កំពុងតែប្រឈមការខ្វះខាតទឹកក្នុងកម្រិតខ្ពស់ ឬកម្រិតខ្ពស់ខ្លាំង ដែលជាតួលេខច្រើនជាងគេបំផុត ក្នុងចំណោមតំបន់ផ្សេងៗទៀតលើពិភពលោក។ តំបន់ដែលមានប្រទេសចំនួន៨នេះ រួមមានអាហ្វហ្កានីស្ថាន បង់ក្លាដែស ប៊ូតង់ ឥណ្ឌា នេប៉ាល់ ម៉ាល់ឌីវ ប៉ាគីស្ថាន និងស្រីលង្កា ហើយជាទីជម្រករបស់កុមារលើស១ភាគ៤ នៃចំនួនកុមារសរុបនៅទូទាំងពិភពលោក។
អង្គការ UNICEF បានបន្តថា ការប្រែប្រួលអាកាសធាតុកំពុងរំខានដល់លម្អានអាកាសធាតុនិងការធ្លាក់ភ្លើង ជាហេតុនាំទៅរកបរិមាណធនធានទឹកអាចរកបាន ដែលពិបាកនឹងប៉ាន់ស្មាន ហើយបានព្រមានថា នៅចំពោះមុខស្ថានភាពអាកាសធាតុ ដែលកាន់តែពិបាកប៉ាន់ស្មានខ្លាំងឡើងៗ បញ្ហាខ្វះខាតទឹកត្រូវបានរំពឹងថា នឹងកាន់តែអាក្រក់ថែមទៀត សម្រាប់កុមារដែលរស់នៅតំបន់អាស៉ីខាងត្បូង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កុមារចំនួន៤៥លាននាក់ មិនអាចទទួលបានសេវាផ្តល់ទឹកបរិភោគជាទូទៅ នៅក្នុងតំបន់អាស៉ីខាងត្បូង ដែលជាតួលេខខ្ពស់ជាងតំបន់ដទៃទៀត ប៉ុន្តែ UNICEF បានអះអាងថា សេវាផ្តល់ទឹកបរិភោគកំពុងពង្រីកយ៉ាងឆាប់រហ័ស ហើយតួលេខត្រូវបានរំពឹងថា នឹងត្រូវកាត់បន្ថយខ្ទង់ពាក់កណ្តាលវិញ នៅត្រឹមឆ្នាំ២០៣០។ នៅបន្ទាប់ពីអាស៉ីខាងត្បូង គឺតំបន់អាហ្រ្វិកខាងកើតនិងខាងត្បូង ជាទីដែលកុមារប្រមាណ១៣០លាននាក់ កំពុងស្ថិតក្រោមហានិភ័យដោយសារតែបញ្ហាខ្វះខាតទឹកធ្ងន់ធ្ងរ៕
រូបភាពពី AFP