(ញូវដែលី)៖ នៅថ្ងៃចន្ទនេះ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលីនាថ្ងៃចន្ទនេះ ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់ លើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងចំណោមទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់លើទី១។ យោងតាមក្រុមតាមដានគុណភាពខ្យល់អាកាស IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស សន្ទស្សន៍គុណភាពខ្យល់ (AQI) នៃរដ្ឋធានីរបស់ឥណ្ឌា គឺចំនួន៤២០ ដែលត្រូវបានចាត់ទុកជា កម្រិតគ្រោះធ្ងន់ធ្ងរ។ រីឯទីក្រុងឥណ្ឌា ២ផ្សេងទៀត គឺរួមមានទីក្រុងកូលកាតា (Kolkata) នៅភាគខាងកើត ដែលស្ថិតនៅលេខរៀងទី៤ ជាមួយ AQI ចំនួន១៩៦ និងទីក្រុងមុមបៃ (Mumbai) ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៨ ជាមួយ AQI ចំនួន១៦៣។
គួរបញ្ជាក់ថា សន្ទស្សន៍ AQI ចន្លោះ៤០០-៥០០ អាចប៉ះពាល់ដល់សុខភាពរបស់មនុស្ស ហើយគ្រោះថ្នាក់សម្រាប់ អ្នកដែលមានជំងឺប្រចាំកាយស្រាប់ ខណៈ AQI កម្រិត១៥០-២០០ អាចបង្កការរំខានដល់អ្នកដែលមានបញ្ហាហឺត សួត និងបេះដូង ជាដើម។ ចំណែក សន្ទស្សន៍ AQI ចន្លោះ ០-៥០ ត្រូវចាត់ទុកជាកម្រិតល្អ។ គុណភាពខ្យល់អាកាសនៅក្នុងប្រទេសឥណ្ឌា តែងតែធ្លាក់ចុះខ្លាំងរៀលរាល់ឆ្នាំនៅមុនរដូវរងា នៅពេលដែលខ្យល់ត្រជាក់ បង្ខាំងទុកភាគល្អិតកខ្វក់ ដែលបញ្ចេញពីយានយន្ត វិស័យឧស្សាហកម្ម ការសាងសង់ និងការដុតកាកសំណល់កសិកម្ម នៅក្នុងស្រទាប់បរិយាកាស៕
រូបភាពពី Reuters