(ម៉ូស្គូ)៖ ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យនេះថា ដំណើរការជម្លៀសជនជាតិរុស្ស៊ីចេញពីតំបន់ហ្គាហ្សាស្ទ្រីបបានចាប់ផ្តើមហើយ ដោយមានអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ីជាង ៦០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងបានគូសបញ្ជាក់បន្ថែមថា «នៅពេលនេះ ប្រជាពលរដ្ឋនៃសហព័ន្ធរុស្ស៊ី ដែលមានបំណងចាកចេញពីតំបន់ជម្លោះកំពុងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ»

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា «អ្នកជំនាញមកពីក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី កំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តដល់អ្នកនៅកន្លែងកើតហេតុ ក៏ដូចជាផ្តល់អាហារ និងទឹកដល់ពួកគេ»។ របាយការណ៍បានបន្ថែមថា «ពលរដ្ឋរុស្ស៊ីនឹងត្រូវផ្ទេរទៅទីក្រុងគែរ ហើយនឹងត្រូវបានជួយសម្រួលសម្រាប់ឯកសារចាំបាច់នានា»

ទោះជាយ៉ាងណា ក្រសួង​មិន​បាន​និយាយ​អំពី​ចំនួន​ពលរដ្ឋ​រុស្ស៊ី​ដែល​រំពឹង​ថា ​នឹង​ចាកចេញ​ពី​តំបន់​ហ្គាហ្សា​ទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រជាជនរុស្ស៊ីប្រហែល ១,០០០ នាក់ បានបង្ហាញពីបំណងចង់ចាកចេញពីតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា ការជម្លៀសដែលមានចំនួនកំណត់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ០១ ខែវិច្ឆិកា សម្រា់អ្នកកាន់លិខិតឆ្លងដែនបរទេស និងជនជាតិប៉ាឡេស្ទីន ដែលកំពុងត្រូវការការព្យាបាលជាបន្ទាន់ទៅកាន់ប្រទេសអេហ្ស៊ីប បានជួបការលំបាកយ៉ាងខ្លាំង។ វាត្រូវបានផ្អាកជាច្រើនដងក្នុងសប្តាហ៍មុន ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈរដែលបុគ្គលិកជំនួយបាននិយាយថា ការវាយប្រហារបានកំណត់គោលដៅក្បួនរថយន្តពេទ្យ៕