(បែរឡាំង)៖ រដ្ឋាភិបាលចម្រុះរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឯកភាពគ្នាលើការបង្កើនការផ្ដល់ជំនួយោធាទ្វេដងសម្រាប់ អ៊ុយក្រែន នៅឆ្នាំក្រោយ ក្នុងទំហំទឹកប្រាក់ ៨ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ៨.៥៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈការដកស្រង់ការផ្សាយបន្តពីសារព័ត៌មាន Bloomberg បានឱ្យទៀតដឹងថាប្រសិនបើត្រូវបានអនុម័ត ដោយសភាជាតិអាល្លឺម៉ង់ជាទីដែលគណបក្សរបស់លោក Olaf Scholz ក្ដាប់សំឡេងភាគច្រើន នោះនឹងជំរុញឱ្យកញ្ចប់ថវិកាការពារជាតិរបស់ អាល្លឺម៉ង់កើនឡើងលើស ២ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប (GDP) ដែលជាគោលដៅកំណត់ដោយសមាជិកទាំងអស់នៃ បក្សសម្ព័ន្ធយោធា NATO។
តាម Bloomberg សមាជិកសភាមកពីគណបក្ស Social Democrats របស់លោក Olaf Scholz រួមទាំងមកពីគណបក្ស Free Democrats និងគណបក្ស Green party បានយល់ព្រមបង្កើនកិច្ចចរចាបន្ថែមពាក់ព័ន្ធនឹងកញ្ចប់ថវិកាសហព័ន្ធឆ្នាំ២០២៤ នៅសប្ដាហ៍ក្រោយនេះ។ ប៉ុន្តែ ខាងក្រសួងការពារជាតិអាល្លឺម៉ង់ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះទេ។
គួរបញ្ជាក់ថា ផែនការមួយរបស់សហភាពអឺរ៉ុប គ្រោងចំណាយ ២០ពាន់លានអឺរ៉ូ ឬស្មើនឹង ២១.៤ពាន់លានដុល្លារលើជំនួយយោធាសម្រាប់ អ៊ុយក្រែន តែមានប្រទេសជាសមាជិកមួយចំនួនក៏ជំទាស់នឹងផែនការនេះដែរ៕