(កៀវ)៖ ទីភ្នាក់ងារចារកម្មយោធារបស់ប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រ (ទី១០ ខែវិច្ឆិកា) ថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញកាណូតរបស់រុស្ស៊ីចំនួនពីរគ្រឿងនៅតំបន់គ្រីមៀ ក្នុងការវាយប្រហារនៅពេលយប់ ដោយប្រើយន្តហោះគ្មានមនុស្សបើកតាមសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា AFP មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីដែរ។ រុស្ស៊ីបានដណ្តើមយកនិងបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ហើយកងនាវាចរសមុទ្រខ្មៅរបស់ពួកគេ មានទីស្នាក់ការនៅក្នុងទីក្រុង Sevastopol នៃតំបន់នេះ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងដូចូច្នេះថា «កាណូត amphibious តូចៗរបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ត្រូវបានរងវាយប្រហារដោយទាហាន ដែលជាលទ្ធផលនៃប្រតិបត្តិការពេលយប់នៅក្នុងទឹកដីនៃតំបន់គ្រីមៀ»។
សេចក្តីថ្លែងការណ៍បាននិយាយថា កប៉ាល់ទាំងនោះមានផ្ទុកមនុស្ស និងផ្ទុកដោយរថពាសដែក។ ប៉ុន្តែទំហំនៃការខូចខាតមិនទាន់ដឹងច្បាស់នៅឡើយទេ។ អ៊ុយក្រែនបាននិយាយថា នាវាកងទ័ពជើងទឹករុស្ស៊ីមួយចំនួនត្រូវបានជម្លៀសចេញពីទីក្រុង Sevastopol បន្ទាប់ពីការវាយប្រហារចុងក្រោយនេះ។
គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ អ៊ុយក្រែនបានបើកការវាយបកវិញនៅភាគខាងត្បូង និងខាងកើតនៅដើមខែមិថុនា ប៉ុន្តែបានជួបប្រទះនឹងការតស៊ូយ៉ាងខ្លាំងពីកម្លាំងកាន់កាប់របស់រុស្ស៊ី៕
រូបភាពពី Reuters