(ប៉េកាំង)៖ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ ផលិតផលច្នៃប្រឌិតថ្មីជាច្រើន ត្រូវបានដាក់តាំងបង្ហាញ ដែលបានបង្ហាញឱ្យឃើញនូវបច្ចេកវិទ្យាឈានមុខ លើវិស័យភាពវៃឆ្លាតឌីជីថល និងការអភិវឌ្ឍបៃតងជាដើម។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មី ដែលប្រកបដោយភាពតំណាងចំនួន៤៤២ផ្នែក បានដាក់បង្ហាញជាមួយគ្នា។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើង ក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិ បានក្លាយជាម៉ាកល្បីឈ្មោះ ដែលបានក្លាយទៅជាវេទិកាប្រកបដោយគុណភាពខ្ពស់ សម្រាប់ឱ្យចិននិងបណ្តាប្រទេសនានារួមគ្នា ត្រួសត្រាយសក្តានុពលនៃកំណើនថ្មី។

បើមើលពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសចិនអាចឃើញថា ប្រជាជនចិននិយមចូលចិត្តការច្នៃប្រឌិតថ្មីជាប់រហូតមក។ ផ្លូវសូត្របុរាណបាននាំមកនូវម្ហូបអាហារឆ្ញាញ់ៗ របស់បរទេសជាច្រើន ធ្វើឱ្យវប្បធម៌ហូបចុករបស់ចិនមានការរីកចម្រើនដ៏សម្បូរបែប គ្រឿងអលង្ការនិងឧបករណ៍ភ្លេងដ៏ប្រណិតជាដើម ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនចិន មានភាពកាន់តែសម្បូរបែប។ បច្ចុប្បន្ននេះ និន្នាការលើកកម្ពស់កម្រិតថ្នាក់នៃការប្រើប្រាស់របស់ចិន បានផ្តល់ឱកាសថ្មីដល់ការអភិវឌ្ឍនៃសហគ្រាសពហុជាតិ។

ប្រទេសចិនមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់ ក្នុងនោះក្រុមប្រជាជនបានចំណូលមធ្យមមានចំនួនជាង៤រយលាននាក់ នេះគឺមានន័យថា ចិនបានផ្តល់កន្លែងសាកល្បងនិងកន្លែងដាក់លក់ដ៏ធំធេង សម្រាប់បច្ចេកទេសថ្មីនិងផលិតផលថ្មី នៅលើពិភពលោកទាំងមូល។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ ផលិតផលដែលពោពេញទៅដោយភាពឆ្លាតវៃ និងអាចជួយឱ្យជីវភាពរស់នៅ មានភាពកាន់តែល្អបវរទាំងនោះបានបំពេញយ៉ាងខ្លាំង តាមតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។
ព្រមពេលជាមួយគ្នានេះ ភាពជោគជ័យរបស់យុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់ចិនដែលជំរុញដោយការច្នៃប្រឌិតថី្ម បានផ្តល់វេទិកាសម្រាប់ឱ្យពាណិជ្ជករបរទេសធ្វើការច្នៃប្រឌិតថ្មី។ នៅខែកញ្ញាឆ្នាំនេះ របាយការណ៍ដែលចេញផ្សាយ ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានបង្ហាញថា ក្នុងតារាងចំណាត់ថ្នាក់នៃសន្ទស្សន៍នវានុវត្តន៍សកល ប្រទេសចិនកាន់លំដាប់ថ្នាក់ទី១២ គឺជាអង្គភាពសេដ្ឋកិច្ចចំណូលមធ្យមតែមួយគត់ក្នុងលេខរៀង៣០ខាងមុខ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនបានកើតមាន “កម្លាំងស្រូបទាញ”ជាបន្តបន្ទាប់ពាណិជ្ជករដែលចូលរួមពិព័រណ៍ជាច្រើន បានបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៅប្រទេសចិន។

ខណៈពេលរៀបចំពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី៦ គឺចំពេលខួបទី៤៥នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយ និងខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”របស់ប្រទេសចិន ។ ពេលមុននេះមិនជាយូរប៉ុន្មាន វេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបី បានបើកធ្វើដោយជោគជ័យនៅក្រុងប៉េកាំង ។ ប្រទេសចិនបានលើកឡើងសកម្មភាព៨ចំណុច ដើម្បីផ្តល់ការគាំទ្រដល់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះបូករួមទាំងផ្តល់ការគាំទ្រដល់ ការបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ និងជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាដើម ។ «របាយការណ៍ស្តីពីការបើកទូលាយសកលឆ្នាំ២០២៣» ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចអន្តរជាតិ HongQiaoលើកទី៦បានបង្ហាញឱ្យឃើញថា ពីឆ្នាំ២០០៨ដល់ឆ្នាំ២០២២ សន្ទស្សន៍បើកទូលាយរបស់ចិនបានកើនឡើងពី០.៦៧៨៩ដល់០.៧៥១៧ ។ អ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុន DOW របស់អាមេរិកដែលបានចូលរួមពិព័រណ៍ នាំចូលចិនអន្តរជាតិបានថ្លែងថា រាល់១៨ខែ ក្រុមហ៊ុនរបស់លោកក៏បានចាប់ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីមួយ នៅប្រទេសចិន នេះបានបង្ហាញពីជំនឿចិត្តទៅលើប្រទេសចិន។

អាចប៉ាន់ប្រមាណថា យោងតាមការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ឈានចូលដំណាក់កាល១០ឆ្នាំ បន្ទាប់មួយទៀត នឹងមានសហគ្រាសអន្តរជាតិកាន់តែច្រើនឡើងៗ បណ្តាក់ទុននៅប្រទេសចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលបានប្រែពីពាណិជ្ជករចូលរួមពិព័រណ៍ទៅជាអ្នកវិនិយោគ។ នៅទីនេះ ពួកគេមិនត្រឹមតែអាចទទួលបានការបញ្ជាទិញ ទទួលបានឱកាសទីផ្សារនិងគំនិតច្នៃប្រឌិតថ្មីជាដើមប៉ុណ្ណោះទេ ថែមទាំងក៏នឹងទទួលបានកាលានុវត្តភាពឥតព្រំដែន ដែលបាននាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន