(ប៉េកាំង)៖ ឆ្នាំ២០២៣ ជាលើកទី៦ដែលពិព័រណ៍នាំចូលចិនអន្តរជាតិបានរៀបចំឡើង ហើយពិព័រណ៍នេះត្រូវបានរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយបានចាប់ចេញដំណើរពីឆ្នាំ២០១៨ បើទោះបីជាពិភពលោកស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ពិពរណ៍នេះក៏បានរំលេចឱ្យឃើញនូវទីផ្សារដ៏ធំសម្បើម របស់ពិភពលោកក្នុងប្រទេសចិនដែលបាននិងកំពុងបង្កើនការជំរុញការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបើកចំហ ព្រមទាំងបានរួមចំណែកជាវិជ្ជមានក្នុងការបង្កើតគំរូអភិវឌ្ឍន៍ថ្មី និងការចូលរួមបង្កើនល្បឿននៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ជាវេទិកាចែករំលែកពីវណ្ណកម្ម លើកស្ទួយជីវភាពរស់នៅកាន់តែបវរ និងការលើកកម្ពស់សេដ្ឋកិច្ចក្រោមគោលនយោបាយកំណែទម្រង់ និងបើកចំហរបស់ប្រទេសចិនក្នុងរយៈពេលជាង៤០ឆ្នាំ ប្រកបដោយមោទកភាព ដែលនាំឱ្យពិភពលោកបានប្រើប្រាស់ពិព័រណ៍នេះ ដើម្បីប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមកយ៉ាងស្អិតរមួតរវាងប្រទេសនានា ដែលប្រទេសចិនមានបំណងប្រាថ្នាដ៏ក្លៀវក្លាបង្កើន ជីវភាពរស់នៅរបស់មនុស្សជាតិ ឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន ដែលនេះក៏ជាមធ្យោបាយដ៏ល្អប្រសើរមួយ ដើម្បីយកប្រជែងយកឈ្នះលើបច្ចុប្បន្នភាព នៃបញ្ហាសកលផងដែរ។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ជាការលើកកម្ពស់ស្មារតីរបស់ប្រទេសនានាក្នុងពិភពលោក ដែលកំពុងស្ថិតនៅក្នុងបរិបទពហុប៉ូល នៃចរន្តសកលភាវូបនីយកម្មសេដ្ឋកិច្ច ព័ត៌មានវិទ្យាភាវូបនីយកម្ម សង្គមដែលមានវប្បធម៌ចម្រុះ និងបញ្ហាដែលកំពុងកើនឡើងជាលំដាប់នេះ ដែលពិព័រណ៍នេះមាននិន្នាការថែរក្សាសុខសន្តិភាព និងដំណើរឆ្ពោះទៅរកការអភិវឌ្ឍកាន់តែមានភាពរឹងមាំ ព្រមទាំងចែករំលែក នូវបទពិសោធកំណែទម្រង់សេដ្ឋកិច្ច និងជំរុញនវានុវត្តន៍វិទ្យាសាស្រ្តដែលកំពុងតែទទួលបានសន្ទុះយ៉ាងខ្លាំងក្លា។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ គឺជារយៈពេល៦ឆ្នាំ ដែលយើងបានមើលឃើញពីការសម្របសម្រួល គោលនយោបាយការទូតសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ដោយមានគោលបំណងដើម្បីលើកកម្ពស់ចំណុចខ្លាំងខុសៗគ្នា របស់បណ្តាប្រទេសពាក់ព័ន្ធ និងធ្វើឲ្យយុទ្ធសាស្រ្តនៃការអភិវឌ្ឍ របស់បណ្តាប្រទេសនានាឱ្យមាន ភាពបន្ស៊ីគ្នាដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកែលម្អបរិយាកាសធុរកិច្ច ដូចប្រសាសន៍របស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិនដែលបានថ្លែង ក្នុងពិធីបើកពិព័រណ៍លើកនេះថា «ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចគឺជានិន្នាការប្រវត្តិសាស្ត្រ និងជាក្តីប្រាថ្នារួមរបស់ប្រជាជនលើពិភពលោក ហើយកិច្ចសហប្រតិបត្តិការបែបបើកចំហ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក គឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ ប្រទេសចិនរំពឹងទុកយ៉ាងស្មោះចំពោះ ការធ្វើការជាមួយប្រទេសនានា ដើម្បីដើរទៅរកទិសដៅដូចគ្នា និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមកក្នុងបរិបទបើកចំហ»

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ជាការដោះដូរពាណិជ្ជកម្មដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ ដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ហើយពិព័រណ៍នេះកំពុងឱបក្រសោប ពិភពលោកដោយគំនិតបើកទូលាយ ប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរី លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគ ដោយមិនទាន់គិតដល់ការស្រូបទាញ បានសហគ្រាសចំនួនសរុប៣៤០០មកពី៧២ប្រទេស បានចូលរួមពិព័រណ៍លើកនេះដែលបានកើនឡើង២០%បើប្រៀបធៀបនឹងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ យើងឃើញមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលបរទេសជាច្រើន បានចូលរួមបង្កើនការទូតជាមួយប្រទេសចិន ជាក់ស្តែងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្រ្តាលី ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូង រំលងអស់រយៈពេល៧ឆ្នាំកន្លងមកហើយ។

ជារួម ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ បានឈានដល់ចំណុចចាប់ផ្តើមថ្មីមួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍរបស់ខ្លួន ដោយជំរុញគោលគំនិតក្នុងការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ការបន្ស៊ីគ្នា បៃតងភាព ការបើកចំហ និងការចែករំលែកគ្នា ហើយពិព័រណ៍នេះនឹងជំរុញយ៉ាងសកម្ម នូវកំណែទម្រង់រចនាសម្ព័ន្ធលើផ្នែកផ្គត់ផ្គង់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាមួយ ទៅក្នុងប្រាជ្ញាចិនរយៈពេល១ទសវត្សរ៍ ស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយពិព័រណ៍នេះនឹងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់ការអភិវឌ្ឍពិភពលោក៕

ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន