(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សជិត៥០,០០០នាក់ហើយ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញ​ពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នា នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបើក​ប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពី២សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រយុទ្ធគ្នាបានបន្តអស់រយៈពេលប្រមាណ ២សប្តាហ៍មកហើយ នៅពាសពេញរដ្ឋ Shan ភាគខាងជើងប្រទេស ក្បែរព្រំប្រទល់ប្រទេសចិន។ ក្រុមអ្នកវិភាគបានអះអាងថា វាគឺជាបញ្ហាប្រឈមផ្នែកយោធាធំបំផុត សម្រាប់របបសឹកមីយ៉ាន់ម៉ា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារដណ្តើម​អំណាច កាលពីឆ្នាំ២០២១មក។ ក្រុមប្រដាប់អាវុធជនជាតិភាគតិច Myanmar National Democratic Alliance Army (MNDAA), Ta'ang National Liberation Army (TNLA) និង Arakan Army (AA) បានឱ្យដឹងថា ពួកគេដណ្តើមបាន​ប៉ុស្តិ៍យោធាជាច្រើននៅក្រុងមួយចំនួន ហើយបានបិទខ្ទប់ច្រកផ្លូវពាណិជ្ជកម្មសំខាន់ៗជាមួយចិន ថែមទៀត។

ទីភ្នាក់ងារមនុស្សធម៌របស់ UN គឺ UNOCHA បានប្រកាសថា គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា មនុស្សជិត៥០,០០០នាក់ នៅរដ្ឋ Shan ត្រូវ​បានបង្ខំឱ្យរត់ភៀសខ្លួនចេញពីលំនៅដ្ឋាន។ បើតាម UNOCHA លើសពីនេះ មនុស្សប្រមាណ៤០,០០០នាក់ទៀត ក៏បានព្រាត់ប្រាសពី​ផ្ទះសម្បែងរបស់ពួកគេ ដោយសារការប៉ះទង្គិចគ្នារវាងយោធា និងក្រុមឧទ្ទាមនៅរដ្ឋ Sagaing និងរដ្ឋ Kachin ផងដែរ គិតចាប់តាំងពី​ដើមខែវិច្ឆិកានេះ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលតែងតាំងដោយរបបយោធា បានចេញមុខនិយាយថា ប្រទេសអាស៊ានមួយនេះ កំពុងប្រឈមមុខនឹងហានិភ័យ នៃការបែកខ្ញែកជាចំណែកៗ ប្រសិនបើមិនអាចគ្រប់គ្រងអំពើហិង្សាដ៏តានតឹងបានទេនោះ៕

រូបភាពពី Reuters