(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព ក្នុងតំបន់នៅឯកិច្ចប្រជុំកំពូល APEC នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលមានសមាជិកចំនួន២១ នឹងជួបប្រជុំគ្នានៅទីក្រុង San Francisco សម្រាប់កិច្ចប្រជុំកំពូល APEC លើកទី៣០។ វាក៏ជាកិច្ចប្រជុំកំពូល APEC លើកដំបូងផងដែរ ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ គិតចាប់តាំងពីឆ្នាំ២០១១មក។ តៃវ៉ាន់ដែលកំពុងតែរងសម្ពាធកាន់តែខ្លាំងឡើងៗពីចិន ចូលរួម APEC ក្នុងនាមជា «ចិនតៃប៉ិ» ហើយមិន​បញ្ជូនមេដឹកនាំខ្លួន ឱ្យចូលរួមកិច្ចប្រជុំកំពូលឡើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ លោកស្រី Tsai បាននិយាយថា សារទីមួយដែលលោកស្រីចង់ឱ្យអ្នក​តំណាងលោកស្រីនៅ APEC គឺស្ថានិកក្រុមហ៊ុនបន្ទះឈីបយក្ស TSMC លោក Morris Chang ផ្ញើទៅកាន់ពិភពលោកនៅឯកិច្ចប្រជុំកំពូល APEC នោះគឺ តៃវ៉ាន់ប្តេជ្ញាលើកកម្ពស់សុខសន្តិភាព និងវិបុលភាពក្នុងតំបន់។

លោកស្រី Tsai បានលើកឡើងដូច្នេះថា «ស្របពេលដែលពិភពលោកកំពុងជួបបញ្ហាប្រឈមជាច្រើន ពួកយើងចាំបាច់ត្រូវធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយជម្លោះនៅក្នុងតំបន់ និងរួមគ្នាបង្កើតបរិយាកាសមួយ ដែលមានសន្តិភាពនិងស្ថិរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់»។ចំណែកលោក Chang បាននិយាយថា បើតាមការយល់ឃើញរបស់​លោកផ្ទាល់ គឺលោកជឿជាក់ថា មិនមានសមាជិក APEC ណាមួយ នឹងជំទាស់ចំពោះសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍនោះឡើយ។

ជាយូរមកហើយ APEC ស្ថិតក្នុងចំណោមវេទិកាមួយចំនួនតូច ដែលចិននិងតៃវ៉ាន់មានឱកាសនិយាយគ្នា បើទោះបីជាក្នុងទម្រង់​ជាការសម្តែង ការគួរសមដាក់គ្នាប៉ុណ្ណោះក៏ដោយ។ ចិនមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ អំពីវត្តមានប្រធានាធិបតីលោក ស៉ី ជីនពីង នៅកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៣នេះ។ លោក Chang ដែលបច្ចុប្បន្នមានវ័យ៩២ឆ្នាំ បានជជែកគ្នាមួយភ្លែតជាមួយលោក ស៉ី នៅឯកិច្ចប្រជុំ ​APEC ឆ្នាំកន្លងទៅ ក្នុងទីក្រុងបាងកកនៃប្រទេសថៃ។

គួរបញ្ជាក់ថា ចិនបានកាត់ផ្តាច់យន្តការកិច្ចសន្ទនាផ្លូវការជាមួយតៃវ៉ាន់ បន្ទាប់ពីលោកស្រី Tsai បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៦ ជាមួយការចោទប្រកាន់ថា លោកស្រីប្រកាន់និន្នាការចង់បំបែករដ្ឋ។ លោកស្រី Tsai បាននិយាយថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលអាចសម្រេចជោគវាសនារបស់ដែនកោះនេះបាន ហើយទាត់ចោលការទាមទារអធិបតេយ្យរបស់ចិនលើតៃវ៉ាន់។ កោះតៃវ៉ាន់ត្រូវបាន​ទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទឹកដីរបស់ប្រទេសចិន ហើយចិនប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញនៅ​ថ្ងៃណាមួយ៕

រូបភាពពី Reuters