(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបាននិយាយថា ក្រុមមួយនៅក្នុងប្រទេសស៉ីរី បានបាញ់យន្តហោះដ្រូនដែលបានវាយប្រហារចំលើសាលារៀនមួយកន្លែង ស្ថិតក្នុងទីក្រុង Eilat ភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយខ្លួនបានវាយប្រហារតបតវិញ ទៅលើក្រុមមួយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោធាអ៉ីស្រាអែលមិនបានបញ្ជាក់ថា ក្រុមមួយណាឱ្យប្រាកដឡើយនៅស៉ីរី ដែលបានបាញ់យន្តហោះដ្រូនឆ្ពោះមកកាន់ទីក្រុង Eilat ស្ថិតនៅជាប់សមុទ្រក្រហម ប៉ុន្តែបានលើកឡើងថា រដ្ឋាភិបាលស៉ីរីគឺជាអ្នកទទួលខុសត្រូវទាំងស្រុង សម្រាប់សកម្មភាពភេរវកម្មដែលទាំងឡាយណា ដែលកើតចេញមកពីទឹកដីរបស់ប្រទេសស៉ីរី។ យ៉ាងណាមិញ មិនមានសេចក្តីរាយការណ៍ ពីមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួស ដោយសារការវាយប្រហារយន្តហោះដ្រូននោះទេ ដ្បិតវាបានបង្កការខូចខាតតិចតួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចំពោះមុខការធ្វើសង្រ្គាម ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza Strip អ៉ីស្រាអែល ក៏បានទទួលរងការវាយប្រហារ និងបានបាញ់ផ្លោងតបតវិញ ជាមួយក្រុមផ្សេងទៀតផងដែរនៅក្នុងតំបន់ រួមមានដូចជាក្រុម Hezbollah នៃប្រទេសលីបង់ និងក្រុម Houthis នៃប្រទេសយេម៉ែន ជាដើម៕
រូបភាពពី AFP