(កៀវ)៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៉ីកំពុងបង្កើនការវាយប្រហារលើទីប្រជុំជនដ៏សំខាន់នៃទីក្រុង Avdiivka ដែលស្ថិតនៅភាគខាងកើតប្រទេស ខណៈដែលអ៊ុយក្រែនបានវាយលុកលើកងកម្លាំងរុស្ស៉ី នៅតាមទីតាំងជួរមុខដាច់ដោយឡែកពីគ្នា ជាច្រើនកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Oleksandr Borodin មន្ត្រីនាំពាក្យរបស់កងពលតូចទី ៣របស់អ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៉ីកំពុងបើកការវាយប្រហារធំៗដោយថ្មើរជើង ដោយព្យាយាមរក្សាសម្ភារៈយោធាឲ្យនៅដដែល។ លោក Borodin បានបញ្ជាក់ថា «មិនមានតួលេខនៃការបំផ្លាញសម្ភារៈរបស់សត្រូវ (រុស្ស៉ី) នោះទេ ពីព្រោះពួកគេប្រើវាតិច ហើយភាគច្រើនធ្វើប្រតិបត្តិការពីចម្ងាយ។ ប៉ុន្តែសកម្មភាពរបស់ពួកគេគឺខ្លាំងក្លាណាស់ឥលូវនេះ។ វាមិនគ្រាន់តែជាការវាយប្រហារដោយថ្មើរជើងប៉ុណ្ណោះទេ ប៉ុន្តែក៏មានការបាញ់កាំភ្លើងធំ យន្តហោះដ្រូន និងការទម្លាក់គ្រាប់បែកតាមអាកាសជាច្រើនទៀត»។

យ៉ាងនេះក្តី លោក Borodin បន្ថែមថា រុស្ស៉ីមិនអាចបំពេញការផ្គត់ផ្គង់ដល់កងកម្លាំងរបស់ខ្លួនបានលឿននោះទេ ហើយទីតាំងឈរជើងរបស់អ៊ុយក្រែនគឺរឹងមាំ។ ចំណែក លោកប្រធានាធិបតី Volodymyr Zelenskiy បានសាទរចំពោះការវាយលុកនៃកងកម្លាំងរបស់អ៊ុយក្រែន ដែលចាប់ផ្តើមតាំងតែពីខែមិថុនាមក ដោយមិនផ្តល់ព័ត៌មានលម្អិត។ យ៉ាងនេះក្តី Reuters មិនអាចបញ្ជាក់ដោយឯករាជ្យនូវរបាយការណ៍ពីភាគីណាមួយឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែតុលាមក រុស្ស៉ីបានបង្កើនគោលដៅវាយប្រហារលើក្រុង Avdiivka ដែលបែកបាក់ និងត្រូវបានគេស្គាល់ថាជាច្រកទ្វារទៅកាន់តំបន់ Donetsk នៅភាគខាងកើតអ៊ុយក្រែន៕