(គែរ)៖ មន្រ្តីសន្តិសុខ និងពេទ្យអេហ្ស៉ីបនិយាយថា ការជម្លៀសខ្លួនចេញពីតំបន់ Gaza តាមរយៈច្រក Rafah ទៅកាន់ប្រទេសអេហ្ស៉ីប សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស និងប្រជាជនប៉ាឡេស្ទីនដែលត្រូវការការព្យាបាល បានបន្តឡើងវិញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្រោយផ្អាកមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការចាកចេញតាមច្រក Rafah ដែលជាផ្លូវតែមួយគត់ទៅកាន់តំបន់ឡោមព័ទ្ធដែលមិនជាប់ព្រំដែនអ៊ីស្រាអែល ត្រូវបានផ្អាកជាលើកទីពីរកាលពីថ្ងៃពុធ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅតាមផ្លូវពីក្នុងតំបន់ Gaza រហូតដល់ព្រំដែន។ កាកបាទក្រហមនិយាយថា ក្បួនរថយន្តរបស់ខ្លួនដែលអមដំណើរដោយក្រុមគ្រូពេទ្យ ក៏ត្រូវបានកំណត់គោលដៅផងដែរ។

មន្រ្តីសន្តិសុខ និងពេទ្យអេហ្ស៉ីប បានបញ្ជាក់ថា អ្នកកាន់លិខិតឆ្លងដែនបរទេស និងសាច់ញាតិរបស់ពួកគេចំនួន ៦៩៥នាក់ ដែលរួមមានទាំងពលរដ្ឋអេហ្ស៉ីបផងនោះអាចបន្តការឆ្លងកាត់ច្រកនេះបាន ខណៈបុគ្គលិកពេទ្យ ១២នាក់ដែលអមការជម្លៀសខ្លួន និងដៃគូ ១០នាក់បានចូលដល់ប្រទេសអេហ្ស៉ីបហើយ។

គួរបញ្ជាក់ថា ការជម្លៀសចេញពីតំបន់ Gaza តាមរយៈ Rafah បានចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេសប្រមាណ ៧,០០០នាក់ អ្នកដែលមានសញ្ជាតិពីរ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ក៏ដូចជាមនុស្សដែលត្រូវការការព្យាបាលជាបន្ទាន់នៅក្នុងចំនួនមានកំណត់៕

រូបភាពពី Reuters