(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានលើកឡើងជាថ្មីឡើងវិញ ថាអ៉ីស្រាអែលមិនមែនកំពុងព្យាយាមវាយក្រសោបយក កាន់កាប់ ឬក៏គ្រប់គ្រងតំបន់ហ្កាហ្សានោះទេ បន្ទាប់ពីលោកផ្ទាល់បានបង្កភាពចម្រូង ចម្រាសជាមួយការអះអាងថាអ៉ីស្រាអែលនឹងគ្រប់គ្រងសន្តិសុខលើតំបន់ហ្កាហ្សាទាំងមូល នៅក្រោយសង្រ្គាមជាមួយហាម៉ាសបញ្ចប់។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍កាលពីដើមសប្ដាហ៍កន្លងទៅនេះជាមួយទូរទស្សន៍អាមេរិក ABC News លោក Netanyahu បាននិយាយថាអ៉ីស្រាអែល នឹងគ្រប់គ្រងសន្តិសុខលើតំបន់ហ្កាហ្សា ដោយមិនមានពេលកំណត់ នៅក្រោយសង្រ្គាមបញ្ចប់។ ប៉ុន្តែ សហរដ្ឋអាមេរិកដែលសម្ព័ន្ធមិត្តបាន ចេញមុខនិយាយថាខ្លួនជំទាស់ទៅនឹងការគ្រប់គ្រងលើតំបន់ហ្កាហ្សាឡើងវិញដោយអ៉ីស្រាអែល។ យ៉ាងណាក៏ដោយ ក្នុងកិច្ចសម្ភាសន៍ជាមួយ ទូរទស្សន៍ Fox News នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុងវាយក្រសោបយក យើងមិនមែនកំពុងព្យាយាមកាន់កាប់តំបន់ហ្កាហ្សានោះទេ ហើយយើងក៏មិនព្យាយាមគ្រប់គ្រងហ្កាហ្សាឡើងវិញនោះដែរ។ ប៉ុន្តែអ៉ីស្រាអែល នឹងធ្វើឱ្យប្រាកដថាការវាយប្រហារដូចជាកាលពីថ្ងៃទី៧ ខែតុលា នឹងមិនកើតឡើងជាថ្មីឡើយ»

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការទម្លាក់ គ្រាប់បែកសងសឹករបស់អ៉ីស្រាអែល បានកើនដល់ជាង ១០,៨០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ អ៉ីស្រាអែលបានទម្លាក់ គ្រាប់បែកសងសឹកលើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែលដោយសម្លាប់ជនជាតិ អ៉ីស្រាអែល ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ មិនតែប៉ុណ្ណោះ សព្វថ្ងៃអ៉ីស្រាអែល ក៏កំពុងដឹកនាំធ្វើសង្រ្គាមជើងគោកចូលក្នុង តំបន់ហ្កាហ្សាផងដែរ ដោយមានគោលដៅដែលលោក Netanyahu អះអាងថានឹងកម្ទេចក្រុមហាម៉ាស៕

រូបភាពពី AFP