(ឡុងដ៍)៖ រដ្ឋមន្ត្រីមហាផ្ទៃរបស់ចក្រភពអង់គ្លេស បានបង្កភាពតានតឹងជាមួយកងកម្លាំងប៉ូលីសនៅទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លើការដោះស្រាយការដើរក្បួនបាតុកម្មដែលគាំទ្រប៉ាឡេស្ទីនដ៏ធំ ដែលបានគ្រោងទុកដើម្បីទាមទារបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយចោទប្រកាន់មន្ត្រីប៉ូលីសថា មានជំហរទន់ជ្រាយចំពោះបុព្វហេតុឆ្វេងនិយម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Suella Braverman បានប្រកាន់ជំហរតឹងរ៉ឹងលើបាតុកររាប់ម៉ឺននាក់ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ០៧ ខែតុលា ទៅលើអ៊ីស្រាអែល ដោយហៅពួកគេថា «គួរឱ្យស្អប់» និងថាជាក្រុមមនុស្សដែលគំរាមកំហែងសហគមន៍ជ្វីហ្វ។
អ្នករិះគន់មកពីគណបក្សប្រឆាំង និងបក្សរបស់លោកស្រីផ្ទាល់ បានចោទរដ្ឋមន្ត្រីរូបនេះពីបទបង្កការបែកបាក់ និងធ្វើឲ្យខូចខាតស្ថាប័នប៉ូលិស។ ហើយលោកស្រីក៏ត្រូវបានទាមទារឱ្យចុះចេញពីតំណែងផងដែរ។
លោកស្រី Braverman ត្រូវបានរិះគន់ចំពោះការប្រើភាសា «ញុះញុង» នៅក្នុងអត្ថបទមួយនៅក្នុងកាសែត The Times ដែលលោកស្រីបានពណ៌នាអ្នកតវ៉ាដែលគាំទ្រប៉ាឡេស្ទីនថាជា«អ្នកដើរក្បួនដ៏គួរឱ្យស្អប់» ដោយបន្ថែមយ៉ាងដូច្នេះថា «ខ្ញុំមិនជឿថាការដើរដង្ហែរទាំងនេះ គ្រាន់តែជាការស្រែករកជំនួយសម្រាប់តំបន់ហ្គាហ្សានោះទេ»។ ប៉ុន្តែវាគឺជាអាទិភាពរបស់ក្រុមមួយចំនួន ជាពិសេសពួកអ៊ីស្លាមនិយម ដូចដែលយើងធ្លាប់ឃើញនៅក្នុងប្រទេសអៀរឡង់ខាងជើង»។
នៅក្នុងការស្តីបន្ទោសទៅកាន់ប៉ូលីសក្រុង ដែលអនុញ្ញាតឱ្យការហែក្បួនដែលគាំទ្រប៉ាឡេស្ទីនបន្តកើតមាន លោកស្រី Braverman បាននិយាយថា កងកម្លាំងមានកំហុសនៃការប្រើប្រាស់ «ស្តង់ដារពីរ» ដោយប្រកាន់យកវិធីសាស្រ្តទន់ជ្រាយចំពោះបាតុកម្មឆ្វេងនិយម ដែលខុសពីការអនុវត្តលើក្រុមស្តាំនិយម។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា មនុស្សជិត ២០០ នាក់ហើយត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មស្អប់ខ្ពើមក្នុងប្រទេសអង់គ្លេស រួមទាំងការប្រឆាំងនឹងពួកយូដា សាសនាអ៊ីស្លាម និងបទល្មើសសណ្តាប់ធ្នាប់សាធារណៈផ្សេងៗ ដែលភាគច្រើនត្រូវបានផ្សារផ្ជាប់នឹងការបាតុកម្ម៕