(ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) ថា ហ្វីលីពីននឹងដាក់ឱ្យដំណើរការនាវាឆ្មាំឆ្នេរសមុទ្រចំនួន ៥ គ្រឿង ដែលមានតម្លៃកន្លះពាន់លានដុល្លារ តាមរយៈប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការល្បាតដែនសមុទ្រ ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីក្រុងម៉ានីលបានប្រកាសគម្រោងនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដែលនៅក្នុងនោះលោកបានសន្យាថា ប្រទេសជប៉ុននឹង «បន្តរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពសន្តិសុខរបស់ប្រទេសហ្វីលីពីន»។

ហ្វីលីពីនបាននិងកំពុងធ្វើទំនើបកម្មទ្រព្យសម្បត្តិសន្តិសុខដែនសមុទ្ររបស់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងអាកប្បកិរិយាឈ្លានពានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលរួមមានតំបន់ជម្លោះរបស់ប្រទេសជិតខាងទាំងពីរ។

រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ច លោក Arsenio Balisacan បានប្រាប់អ្នកយកព័ត៌មានថា នាវាប្រវែង ៩៧ ម៉ែត្រទាំង ៥ គ្រឿងនឹងត្រូវដឹកជញ្ជូនមកដល់នៅចន្លោះឆ្នាំ ២០២៧ ដល់ឆ្នាំ ២០២៨ ជាមួយនឹងមូលនិធិកម្ចីពីទីក្រុងតូក្យូ ដែលមានតម្លៃ ២៩.៣ ពាន់លានប៉េសូ ឬស្មើនឹង ៥២៥ លានដុល្លារអាមេរិក។

លោកបាននិយាយយ៉ាងដូច្នេះថា «គម្រោងនេះនឹងអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រធានាបាន នូវសុវត្ថិភាពនៃខ្សែទំនាក់ទំនងសមុទ្រសំខាន់ៗ នៅក្នុងសមុទ្រហ្វីលីពីនខាងលិច»។ លោកបានបន្ថែមថា «វាក៏នឹងជួយឆ្មាំឆ្នេរសមុទ្រហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់ និងពង្រឹងច្បាប់ដែនសមុទ្រនៅក្នុងដែនទឹកហ្វីលីពីនផងដែរ»។

គួរបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន។ ទីក្រុងតូក្យូក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានផ្តល់ហិរញ្ញប្បទាន សម្រាប់ការទិញនាវាល្បាតប្រវែង ៩៧ ម៉ែត្រចំនួនពីរគ្រឿង និងនាវាល្បាតប្រវែង ៤៤ ម៉ែត្រចំនួន ១០គ្រឿង។

ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងម៉ានីលកាលពីសប្តាហ៍មុន លោក Kishida ក៏បានប្រកាសថា ទីក្រុងតូក្យូនឹងផ្តល់ឱ្យហ្វីលីពីននូវប្រព័ន្ធរ៉ាដាតាមដានឆ្នេរសមុទ្រផងដែរ។ លោក និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ក៏បានយល់ព្រមចាប់ផ្តើមការចរចាសម្រាប់កតិកាសញ្ញាការពារជាតិ ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ អាចដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមក៕

រូបភាពពី AFP