(អង់ការ៉ា)៖ ក្រសួងការបរទេសតួកគី បានច្រានចោលរបាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការអឺរ៉ុប ស្តីពីការស្នើសុំសមាជិកភាពតួកគី នៅក្នុងសហភាពអឺរ៉ុប (EU) ដែលជាប់គាំងយូរមកហើយ ថាមានភាព «អយុត្តិធម៌ និងលម្អៀង»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

របាយការណ៍របស់គណៈកម្មការប្រតិបត្តិ EU កាលពីថ្ងៃពុធ បានរិះគន់ថាស្តង់ដារប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងឯករាជ្យភាពរបស់តុលាការ របស់តួកគី កំពុងដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ។ ជារួមក្នុងរបាយការណ៍ គឺចង់ឲ្យតួកគី ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពឆ្ពោះទៅរក ការបំពេញតាមស្តង់ដារសម្រាប់សមាជិកភាព EU ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ហើយថ្មីៗនេះ សង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា។

ក្រសួងការបរទេសតួកគី បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «យើងសូមច្រានចោលទាំងស្រុងនូវការបកស្រាយដែលគ្មានមូលដ្ឋាន និងជាការរិះគន់ដោយអយុត្តិធម៌ ជាពិសេសលើលក្ខណៈវិនិច្ឆ័យនយោបាយ និងជំពូកស្តីពីសិទ្ធិតុលាការ ក៏ដូចជាសិទ្ធិជាមូលដ្ឋាន។ ការលើកឡើងនេះបង្ហាញពី «ភាពមិនស្មោះត្រង់នៃវិធីសាស្រ្តរបស់ EU និងស្តង់ដារពីរយ៉ាងច្បាស់» បើទោះបីជាបញ្ហាសិទ្ធិជាមូលដ្ឋាន ក៏បាននាំឲ្យមានការឈ្លោះប្រកែកគ្នា សូម្បីតែក្នុងចំណោមប្រទេសជាសមាជិក EU ក៏ដោយ»។

គួរបញ្ជាក់ថា ការស្នើសុំរបស់តួកគីដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ ក្រោយចាប់ផ្តើមកិច្ចចរចាសមាជិកភាពកាលពីឆ្នាំ ២០០៥៕

រូបភាពពី AFP