(ព័រម៉ូរេសប៊ី)៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ លោក Justin Tkachenko បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសដីកោះក្នុងតំបន់ប៉ាស៊ីហ្វិក ដែលចង់មានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ជាមួយទីក្រុងប៉េកាំង នឹងទទួលបានអត្ថប្រយោជន៍ពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងអូស្ត្រាលី និងចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅពេលចូលរួមវេទិកាកោះប៉ាស៉ីហ្វិក ដែលរៀបចំឡើងនៅប្រទេសដែនកោះ Cook លោក Tkachenko បានថ្លែងថា ប៉ាពូអាស៉ីនូវែលហ្គីណេ រីករាយណាស់ដែលអូស្ត្រាលីទទួលបានលទ្ធផលល្អ ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese ទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដែលជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអូស្ត្រាលី ក្នុងរយៈពេល ៧ឆ្នាំ បន្ទាប់ពីមានភាពជាប់គាំងផ្នែកការទូត។

លោក Tkachenko បានប្រាប់ Reuters តាមទូរស័ព្ទថា «ចិនគឺជាតួអង្គដ៏សំខាន់ និងជាដៃគូនៃប្រទេសរបស់យើង ទាំងផ្នែកសេដ្ឋកិច្ច និងរូបវន្ត។ ឥឡូវនេះ អូស្ត្រាលីកំពុងត្រលប់មកចូលរួមជាមួយចិនវិញ ដូចនេះវាជាដំណឹងល្អសម្រាប់តំបន់ប៉ាស៊ីហ្វិកទាំងមូលតែម្តង»។

គួរបញ្ជាក់ថា ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ បានបដិសេធកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយសហរដ្ឋអាមេរិក កាលពីខែឧសភា ចំពេលមានការព្រួយបារម្ភពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា ជុំវិញមហិច្ឆតាផ្នែកសន្តិសុខរបស់ចិននៅក្នុងតំបន់ប្រជុំកោះប៉ាស៊ីហ្វិក។ ចំណែក អូស្ត្រាលីគឺជាម្ចាស់ជំនួយដ៏ធំបំផុត របស់ប៉ាពូអាស៉ីនូវែលហ្គីណេ និងនៅទូទាំងតំបន់ប៉ាស៊ីហ្វិក៕

រូបភាពពី Xinhua