(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រូបលោកនឹងនិយាយប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ នៅថ្ងៃចន្ទសប្តាហ៍ក្រោយថា សង្រ្គាមបង្ហូរឈាមដែលកំពុងតែបន្តប្រព្រឹត្តទៅរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន គឺចាំបាច់គួរតែបញ្ឈប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Jokowi បានលើកឡើងដូច្នេះថា «ខ្ញុំនឹងមានកាតព្វកិច្ចត្រូវប្រាប់លោកប្រធានាធិបតី ចូ បៃដិន ថា សង្រ្គាមហាម៉ាស-អ៉ីស្រាអែល គួរតែត្រូវបញ្ឈប់ជាបន្ទាន់» ខណៈលោកមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមទៀតឡើយ។ មេដឹកនាំប្រទេសដែលមានប្រជាជនមូស្លីមច្រើនបំផុតលើពិភពលោកមួយនេះ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំអន្តរជាតិមួយ ស្តីពីសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស នៅថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក Jokowi រូបលោកក៏នឹងពាំនាំលទ្ធផលនៃកិច្ចប្រជុំនោះ ប្រាប់ទៅកាន់លោកប្រធានាធិបតីអាមេរិក ផងដែរ។
គួរបញ្ជាក់ថា សង្រ្គាមខាងលើបានផ្ទុះឡើង នៅពេលក្រុមខ្មាន់កាំភ្លើងរាប់រយនាក់របស់ហាម៉ាស បានសម្រុកពីតំបន់ Gaza Strip ចូលទៅកាន់អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបានសម្លាប់មនុស្សជាង១,៤០០នាក់ ជាហេតុនាំឱ្យយោធាអ៉ីស្រាអែល បានបើកការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លាឥតឈប់ឈរវិញ ទៅលើតំបន់ Gaza ខណៈអាជ្ញាធរនៅទីនោះ បានអះអាងថា គិតមកទល់ពេលនេះ មនុស្សជាង១០,៥០០នាក់ហើយ ត្រូវបានសម្លាប់។ ឥណ្ឌូណេស៉ីបានចូលរួមជាមួយប្រទេសជាច្រើនផ្សេងទៀត ក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយក៏បានបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ Gaza ថែមទៀតផង៕
រូបភាពពី AFP