(បែរឡាំង)៖ ប្រភពពីវិស័យសន្តិសុខបានបង្ហើបឱ្យដឹងថា អាល្លឺម៉ង់នឹងដាក់ពង្រាយយន្តហោះចម្បាំង Eurofighter ចំនួន៤គ្រឿងទៅកាន់​ប្រទេសរូម៉ានី ដើម្បីគាំទ្របេសកកម្មរក្សាការពារច្បាប់ និងសណ្តាប់ធ្នាប់ដែនអាកាសរបស់អង្គការ NATO ចាប់ពីដំណាច់ខែវិច្ឆិកានេះទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ផែនការបញ្ជូនយន្តហោះចម្បាំងខាងលើគឺកើតមានឡើង​ បន្ទាប់ពីប៉ុន្មានខែមកនេះ រុស្ស៉ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន នៅតំបន់កំពង់ផែជាប់ទន្លេ Danube ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីព្រំប្រទល់របស់ប្រទេសរូម៉ានី ហើយក៏មានការរកឃើញ​បំណែកយន្តហោះដ្រូននៅក្នុងទឹកដីរូម៉ានីផងដែរ។ ប្រការនេះ បានបង្កើនហានិភ័យផ្នែកសន្តិសុខ សម្រាប់បក្សសម្ព័ន្ធយោធា NATO ដែល​មានរូមានីជាសមាជិក។ កាលពីខែកញ្ញា ប្រមុខអង្គការ NATO លោក Jens Stoltenberg បានហៅការវាយប្រហាររបស់រុស្ស៉ីនៅក្បែរព្រំដែន​រូម៉ានី ថាជាទង្វើបង្កអស្ថិរភាព ទោះបីជាមិនមានភស្តុតាងបង្ហាញថា រុស្ស៉ីមានបំណងវាយប្រហារលើសមាជិក NATO ដោយចេតនាក្តី​។

គួរបញ្ជាក់ថា យោងតាមប្រភពផ្នែកសន្តិសុខដដែល ទាហានក្រុមដំបូងក្នុងចំណោមកងទ័ពអាល្លឺម៉ង់អាចរហូតដល់៨០នាក់ ដែលត្រូវដាក់​ពង្រាយនៅមូលដ្ឋានយោធាមួយកន្លែង នៅក្បែរទីក្រុង Constanta នៃប្រទេសរូម៉ានី នឹងចេញដំណើរទៅកាន់រូម៉ានី នាថ្ងៃព្រហស្បតិ៍នេះ។ ពីមុនមក កងទ័ពអាកាសអាល្លឺម៉ង់ ក៏ធ្លាប់បានគាំទ្របេសកកម្មរក្សាការពារច្បាប់ និងសណ្តាប់ធ្នាប់ដែនអាកាសរបស់ NATO នៅរូម៉ានីផងដែរ។ បក្សសម្ព័ន្ធយោធានេះ បានពង្រឹងវត្តមានយោធារបស់ខ្លួន នៅតាមចំហៀងភាគខាងកើត ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២៕