(គូឡាឡាំពួ)៖ សមាជិកសភាមួយរូបនៃប្រទេសម៉ាឡេស៉ី មកពីគណបក្សមួយដែលបានដកខ្លួនចេញពី រដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច ជុំវិញក្តីកង្វល់អំពីបញ្ហាអំពើពុករលួយ ត្រូវបានតុលាការជាន់ខ្ពស់នៃទីក្រុងគូឡាឡាំពួរកឃើញថា មានទោសពីបទប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៉ី Bernama ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Syed Saddiq Syed Abdul Rahman ដែលជាសមាជិកសភាខាងលើ មកពីគណបក្ស MUDA ត្រូវបានតុលាការរកឃើញថាពិតជាទោសពី បទចោទប្រកាន់សរុបចំនួន៤ ពាក់ព័ន្ធការរំលោភទំនុកចិត្ត ការគៃបន្លំទ្រព្យសម្បត្តិ និងការលាងលុយកខ្វក់ ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ រួមជាមួយការពិន័យជាប្រាក់១០លានរីងហ្គីត ឬស្មើនឹង២.១លានដុល្លារអាមេរិក។ គណបក្ស MUDA បានដកការគាំទ្ររបស់ខ្លួនកាលពីខែកញ្ញា សម្រាប់ក្រុមចម្រុះរបស់ នាយករដ្ឋមន្រ្តីលោក Anwar Ibrahim ដោយសារតែក្តីកង្វល់ជុំវិញអំពើពុករលួយ បន្ទាប់ពីបទចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ ប្រឆាំងឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ី ត្រូវបានទម្លាក់ចោលវិញ។
លោក Syed Saddiq រងការចោទប្រកាន់ថា បានជួយអតីតមន្រ្តីម្នាក់នៃគណបក្ស Bersatu ក្នុងការកេងប្រវ័ញ្ចប្រាក់ចំនួន ១លានរីងហ្គីត (ជាង២១ម៉ឺនដុល្លារ) ក្នុងមូលនិធិសម្រាប់ក្រុមយុវជនរបស់បក្ស។ បើតាមការចោទប្រកាន់ បទល្មើសនោះត្រូវបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០២០ នៅពេលគណបក្ស Bersatu កំពុងកាន់អំណាច។ លោក Syed Saddiq ដែលបច្ចុប្បន្នមានអាយុ៣០ឆ្នាំ គឺជាអតីតប្រធានក្រុមយុវជនរបស់បក្ស Bersatu ប៉ុន្តែបានចាកចេញដើម្បីទៅបង្កើត គណបក្សនយោបាយផ្ទាល់ខ្លួន គឺ MUDA កាលពីឆ្នាំ២០២០។ លោកធ្លាប់បានឡើងកាន់តួនាទីជា រដ្ឋមន្រ្តីយុវជននិងកីឡារបស់ម៉ាឡេស៉ី កាលពីឆ្នាំ២០១៨ ក្នុងវ័យត្រឹម២៥ឆ្នាំ រហូតដល់ឆ្នាំ២០២០។
គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៉ី តុលាការជាន់ខ្ពស់ទីក្រុងគូឡាឡាំពួ បានសម្រេចអនុញ្ញាតឱ្យលោក Syed Saddiq អាចពន្យារពេលអនុវត្តទោសជាបណ្តោះអាសន្ន ដើម្បីរង់ចាំការប្តឹងឧទ្ធរណ៍៕
រូបភាពពី Reuters