(ប៉េកាំង)៖ ក្រសួងការបរទេសចិនកាលពីថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវយ៉ាងទទូចឱ្យប្រទេសអេស្តូនី កុំអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាង នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនត្រូវគេរាយការណ៍ថា បានគំរាមចាកចេញពីអេស្តូនី ប្រសិនបើតៃវ៉ាន់បើកការិយាល័យតំណាង នៅក្នុងប្រទេសនៃតំបន់បាល់ទិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អេស្តូនីបានរាយការណ៍ថា ឯកអគ្គរដ្ឋទូតចិនប្រចាំអេស្តូនី លោកស្រី Guo Xiaomei បាននិយាយថា លោកស្រីប្រហែលជានឹងចាកចេញពីប្រទេសនេះ ប្រសិនបើតៃវ៉ាន់បើកការិយាល័យតំណាង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងយ៉ាងដូច្នេះថា «ចិនទទូចឱ្យភាគីអេស្តូនីគោរពតាមការប្តេជ្ញារបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ ដោយកុំអនុញ្ញាតឱ្យតៃវ៉ានរៀបចំ ការិយាល័យផ្លូវការណាមួយឱ្យសោះ នៅក្នុងទឹកដីរបស់ខ្លួន និងរក្សាការពារឱ្យមានប្រសិទ្ធភាព នូវមូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគី»។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសតៃវ់ាន់ បាននិយាយថា ខ្លួនកំពុងស្ថិតនៅដំណាក់កាលពិភាក្សា ស្តីពីការរៀបចំការិយាល័យតំណាងមួយនៅអេស្តូនី ហើយភាគីទាំងពីរមិនទាន់ឈានដល់ ការព្រមព្រៀងគ្នាណាមួយនៅឡើយទេ ស្តីពីបញ្ហានេះ។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅប្រទេសចំនួន៣ នៃតំបន់បាល់ទិចនាសប្តាហ៍នេះ គឺអេស្តូនី លីទុយអានី និងឡេតូនី។ ក្នុងចំណោមប្រទេសទាំង៣ តៃវ៉ាន់មានការិយាល័យតំណាងរួចហើយ នៅឡេតូនីនិងលីទុយអានី។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយ នៃទឹកដីរបស់ប្រទេសចិន ខណៈចិនបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញនៅថ្ងៃណាមួយជាមួយតៃវ៉ាន់ ហើយមិនដែលបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធាទេ បើទោះបីជាចិនបានអះអាងថា ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្រួបបង្រួមគ្នាដោយសន្តិវិធីក៏ដោយ៕